បរទេស៖ ប្រទេសឥណ្ឌូណេស៊ីបានកត់ត្រាការទៅដល់របស់ភ្ញៀវទេសចរអន្តរជាតិចំនួន ៤៧៧ ០០០នាក់នៅក្នុងខែកក្កដា ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ-១៩ មក។ នេះបើយោងតាមការិយាល័យស្ថិតិឥណ្ឌូណេស៊ី (BPS) ។
ចំនួននេះបានកើនឡើង ៣៨,០៨% និងជិត ៦,៤% បើប្រៀបធៀបទៅនឹងខែមុន និងឆ្នាំមុន ស្របតាមការចល័តរបស់សហគមន៍ដែលបានចាប់ផ្តើមងើបឡើងវិញ ដូចដែលបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានជាតិអានតារ៉ា។
លោក ម៉ារហ្គោ យូវ៉ូណូ ប្រធាន BPS បានពន្យល់ថា «វាបានកើតឡើងដោយសារតែការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ កាន់តែមានភាពប្រសើរឡើង ដូច្នេះការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិនៅក្នុងប្រទេសឥណ្ឌូណេស៊ីបានកើនឡើងផងដែរ»។
ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិសរុបនៅក្នុងខែកក្កដា ភ្ញៀវទេសចរជនជាតិអូស្ត្រាលីមានចំនួនច្រើនជាងគេ គឺ ៨៤ ៦០០នាក់ បន្ទាប់មក គឺប្រជាជនសិង្ហបុរី និងម៉ាឡេស៊ី។
ក្នុងរយៈពេលប្រាំពីរខែដំបូង ភ្ញៀវទេសចរអន្តរជាតិមកដល់ក្នុងប្រទេសនេះមានចំនួន ១ ២២០ ១៧០នាក់ ដែលកើនឡើងជាង ១ ៤៣៤,៣៩% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើប្រៀបធៀបទៅនឹងបរិមាណនៅក្នុងឆ្នាំ២០២០ តួលេខនេះ គឺទាបជាងឆ្ងាយណាស់។
លោក យូវ៉ូណូ បានកត់សម្គាល់ថា «វាមានន័យថា វិស័យទេសចរណ៍មិនទាន់បានជាសះស្បើយពេញលេញនៅឡើយទេ បើប្រៀបធៀបទៅនឹងរយៈពេលមុនពេលមានជំងឺរាតត្បាតកូវីដ-១៩»៕
ប្រភព៖ ក្រសួងព័ត៌មាន