ការវិនិយោគបរទេសនៅក្នុងប្រទេសថៃ មានការកើនឡើងសម្រាប់ ៧ខែដំបូងនេះ

0

បរទេស៖ ប្រទេសថៃបានមើលឃើញនូវការកើនឡើងយ៉ាងខ្លាំងនៃលំហូរវិនិយោគបរទេសក្នុងរយៈពេលប្រាំពីរខែដំបូងក្នុងឆ្នាំនេះ។

តួលេខទិន្នន័យបានពីក្រសួងពាណិជ្ជកម្មថៃបានបង្ហាញថា ព្រះរាជាណាចក្រមួយនេះបានទាក់ទាញការវិនិយោគបរទេសចំនួន ៧៣,៦៤ប៊ីលានបាត (ប្រហែល ២ប៊ីលានដុល្លារអាម៉េរិក) ក្នុងអំឡុងខែមករាដល់ខែកក្កដា ពោល គឺកើនឡើង ២៨,៩៣ប៊ីលានបាតច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកនាំពាក្យរដ្ឋាភិបាលស្តីទី លោក អានុចា ប៊ូរ៉ាប៉ាចៃស្រ៊ី បាននិយាយថា ការកើនឡើងនេះត្រូវបានជំរុញដោយគោលនយោបាយជំរុញការវិនិយោគរបស់ប្រទេស និងឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនបរទេសចំពោះទស្សនវិស័យអភិវឌ្ឍរបស់ប្រទេសថៃ។

លោកបាននិយាយបន្ថែមថា ប្រភពកំពូលចំនួនបីនៃលំហូរវិនិយោគបរទេសក្នុងអំឡុងខែមករាដល់ខែកក្កដា គឺប្រទេសជប៉ុន សិង្ហបុរី និងសហរដ្ឋអាមេរិក។

ដោយត្រូវបានជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានពង្រីក ២,៤%ពីមួយឆ្នាំទៅមួយឆ្នាំកាលពីក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ហើយធនាគារថៃ (BOT) រំពឹងថា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំនឹងឈានដល់ ៣,៣% នៅត្រឹមចុងឆ្នាំនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន