បរទេស៖ ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា និយោជិតចំនួន ២នាក់នៃស្ថានទូតរុស្ស៊ីនៅទីក្រុងកាប៊ុលត្រូវបានសម្លាប់នៅក្នុងអំពើភេរវកម្មមួយកាលពីព្រឹកថ្ងៃចន្ទ។
ក្រសួងនោះបាននិយាយថា «នៅវេលាម៉ោង ១០:៥០ព្រឹក (ម៉ោងនៅទីក្រុងកាប៊ុល) កាលពីថ្ងៃច័ន្ទ អ្នកវាយប្រហារមិនស្គាល់អត្តសញ្ញាណម្នាក់បានធ្វើសកម្មភាពបំផ្ទុះជាតិផ្ទុះនៅខាងក្រៅច្រកចូលនាយកដ្ឋានកុងស៊ុលនៃស្ថានទូតរុស្ស៊ីក្នុងទីក្រុងកាប៊ុល»។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយបន្ថែមថា ស្ថានទូតរុស្ស៊ីកំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសេវាកម្មពិសេសរបស់ប្រទេសអាហ្វហ្គានីស្ថាន ដែលបានបើកការស៊ើបអង្កេតទៅលើឧប្បត្តិហេតុនេះ។
ទូរទស្សន៍អាល់អារ៉ាប៊ីយ៉ាបាននិយាយនៅពេលមុននេះថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់។ យោងតាមលោក ម៉ាវឡាវី សាបៀរ ប្រធានមន្រ្តីប៉ូលីសនៅសង្កាត់ដែលរងការវាយប្រហារនោះបានឱ្យដឹងថា កងកម្លាំងសន្តិសុខបានកំណត់អត្តសញ្ញាណអ្នកធ្វើអត្តឃាតបំផ្ទុះគ្រាប់បែកនោះហើយ មុនពេលទៅដល់គោលដៅរបស់គាត់។ ទូរទស្សន៍អាល់ចាហ្ស៊ីរ៉ារបស់ប្រទេសកាតាបានរាយការណ៍ដោយដកស្រង់សម្តីរបស់មន្ត្រីអនុវត្តច្បាប់អាហ្វហ្គានីស្ថានថា ការវាយប្រហារនេះបានបណ្តាលឱ្យមនុស្សយ៉ាងតិច ៨នាក់ស្លាប់ និង ១៥នាក់ផ្សេងទៀតរងរបួស៕
ប្រភព៖ ក្រសួងព័ត៌មាន