បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយរបស់សេតវិមានបន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យបានឱ្យដឹងថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស និងនាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉ាទើសហ្ស៍ ម៉ូរ៉ាវីកគី បានពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន ក៏ដូចជាជំនួយរបស់សហរដ្ឋអាមេរិកក្នុងការបង្កើតថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសប៉ូឡូញ។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «អនុប្រធានាធិបតីសហរដ្ឋអាមេរិកបានទទួលស្គាល់ភាពសប្បុរស និងភាពជាអ្នកដឹកនាំរបស់ប្រទេសប៉ូឡូញក្នុងការធ្វើជាម្ចាស់ផ្ទះទទួលជនភៀសខ្លួនអ៊ុយក្រែនរាប់លាននាក់ និងផ្តល់ជំនួយមនុស្សធម៌ដ៏សំខាន់ ខណៈដែលផ្តល់ជំនួយផ្នែកសន្តិសុខដ៏សំខាន់ផងដែរ»។
លោកស្រី ហារីស ក៏បានបញ្ជាក់សារជាថ្មីអំពីភាពរឹងមាំយូរអង្វែងនៃទំនាក់ទំនង និងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក-ប៉ូឡូញ ដើម្បីពង្រឹងសន្តិសុខសមូហភាពរបស់យើង រួមទាំងការឈរជើងជាអចិន្ត្រៃយ៍នៃទីស្នាក់ការកណ្តាលប៉ុស្តិ៍បញ្ជាការ V Corps របស់កងទ័ពសហរដ្ឋអាមេរិកនៅទីក្រុងប៉ូហ្សណាន់»។
មន្ត្រីទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពី «ឱកាសដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីទៅលើការផលិតថាមពលនុយក្លេអ៊ែរស៊ីវិលនៅក្នុងប្រទេសប៉ូឡូញ ដែលនឹងជំរុញសន្តិសុខវិស័យថាមពលរបស់អឺរ៉ុប គាំទ្រដល់ដំណោះស្រាយអាកាសធាតុសកលលោក និងបង្កើតការងារថាមពលស្អាតរាប់ពាន់កន្លែងទាំងនៅក្នុងប្រទេសប៉ូឡូញ និងសហរដ្ឋអាមេរិក»។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយថា ជាការឆ្លើយតបទៅនឹងសំណើរបស់ប្រមុខនៃសាធារណរដ្ឋប្រជាមានិតដុនបាសស៍ លោកបានធ្វើសេចក្តីសម្រេចក្នុងការធ្វើប្រតិបត្តិការយោធាពិសេសមួយដើម្បីការពារប្រជាជនដែលទទួលរងការរំលោភបំពាន និងអំពើប្រល័យពូជសាសន៍ដោយរបបទីក្រុងគៀវអស់រយៈពេលប្រាំបីឆ្នាំ។ ក្រោយមក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី និងបង្កើនការបញ្ជូនអាវុធទៅទីក្រុងគៀវ៕
ប្រភព៖ ក្រសួងព័ត៌មាន