ក្រុមអ្នកជួញដូរមនុស្ស បានប្រកាសសង្រ្គាមជាមួយរដ្ឋប៊ុលហ្គារី

0

បរទេស៖ រដ្ឋមន្ត្រីចាំផ្ទះនៃក្រសួងមហាផ្ទៃរបស់ប្រទេសប៊ុលហ្គារី លោក អ៊ីវ៉ាន ដេមើដហ្សៀវ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដោយអធិប្បាយទៅលើឧប្បត្តិហេតុមួយដែលមន្រ្តីប៉ូលិសពីរនាក់ត្រូវបានសម្លាប់នៅពេលដែលអ្នកបើករថយន្តក្រុងដែលដឹកជនចំណាកស្រុកខុសច្បាប់បានបុករថយន្តប៉ូលិសថា «នៅថ្ងៃនេះ អ្នកជួញដូរមនុស្សបានប្រកាសសង្រ្គាមជាមួយរដ្ឋប៊ុលហ្គារី ហើយរដ្ឋប៊ុលហ្គារីនឹងឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះដោយកម្លាំងពេញលេញ»។

លោកបាននិយាយថា «យើងនឹងធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យមានគ្រោះថ្នាក់បែបនេះកើតឡើងម្តងទៀត» ដោយលោកបាននិយាយបន្ថែមថា ការការពារនៅតាមបណ្តោយព្រំដែននឹងត្រូវបានពង្រឹង។ លោក ដេមើដហ្សៀវ បាននិយាយថា ការចាប់ខ្លួនត្រូវបានធ្វើឡើង ហើយមន្រ្តីប៉ូលីសកំពុងស្វែងរកជនសង្ស័យម្នាក់ទៀត។ ជនសង្ស័យដែលត្រូវចាប់ខ្លួនជាពលរដ្ឋប៊ុលហ្គារី។

លោកបាននិយាយថា «ជាអកុសល យើងបានបាត់បង់ក្មេងប្រុសជនជាតិប៊ុលហ្គារីពីរនាក់» ដោយលោកបានបង្ហាញនូវការរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះគ្រួសាររបស់ពួកគេ។

លោក ដេមើដហ្សៀវ បាននិយាយថា «ខ្ញុំបានសង្កត់ធ្ងន់ទៅលើបញ្ហានេះនៅពេលចូលកាន់តំណែង។ យើងបានចាត់វិធានការជាច្រើនដើម្បីដោះស្រាយវា។ ឥឡូវនេះ យើងនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងទាំងនេះ និងរួមបញ្ចូលទាំងក្រសួងការពារជាតិផងដែរ»។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា «ខ្ញុំនឹងនិយាយជាមួយក្រុមគ្រួសាររបស់មន្ត្រីប៉ូលីសដែលត្រូវបានសម្លាប់នោះ។ ការស៊ើបអង្កេតកំពុងដំណើរការ ហើយឧក្រិដ្ឋកម្មនេះនឹងត្រូវបានដោះស្រាយ»។

លោកបាននិយាយថា «យើងមានមធ្យោបាយរបស់យើងនៅទីនេះ យើងបានកំណត់ និងចាត់វិធានការពាក់ព័ន្ធទាំងយានយន្ត ទាំងអ្នកពាក់ព័ន្ធក្នុងសកម្មភាពបែបនេះ ហើយប្រជាជនដែលមិនអាចទប់ទល់នឹងសម្ពាធ ឬពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យជនចំណាកស្រុកឆ្លងកាត់ព្រំដែននោះទេ។ យើងនឹងមានវិធានការខ្លាំងជាពិសេស ទាក់ទងនឹងពួកគេម្នាក់ៗនៅថ្ងៃខាងមុខ»៕

ប្រភព៖ ក្រសួងព័ត៌មាន