បរទេស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌូណេស៊ី លោក ប៊ូឌី ហ្គូណាឌី សាឌីគីន បាននិយាយកាលពីថ្ងៃទី១៧ ខែសីហាថា ក្រសួងនឹងត្រៀមថវិកាចំនួន ៨៨,៥ទ្រីលានរូពៀ (៥,៩៦ប៊ីលានដុល្លារអាម៉េរិក) សម្រាប់ការផ្លាស់ប្តូរវិស័យសុខភាពនៅក្នុងឆ្នាំ២០២៣ ពីការបែងចែកថវិកាសរុបសម្រាប់វិស័យសុខភាពនៅឆ្នាំក្រោយដែលមានចំនួន ១៦៩,៨ទ្រីលានរូពៀ។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីកំណត់ចំណាំហិរញ្ញវត្ថុ និងសេចក្តីព្រាងថវិការដ្ឋឆ្នាំ២០២៣ ថា «យើងបានរៀបចំសម្រាប់ការផ្លាស់ប្តូរវិស័យសុខភាព ពីព្រោះយើងបានរៀនសូត្រពីវិបត្តិពីមុន។ នៅពេលដែលវិបត្តិកើតឡើង វាគឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការអនុវត្តកំណែទម្រង់»។
យោងតាមលោករដ្ឋមន្ត្រីរូបនោះបានឱ្យដឹងថា ថវិកាចំនួន ៦,០៦ទ្រីលានរូពៀនឹងត្រូវបានប្រើប្រាស់សម្រាប់ការផ្លាស់ប្តូរសេវាបឋមតាមរយៈការអប់រំសាធារណៈ ការបង្ការបឋម ការបង្ការបន្ទាប់បន្សំ ក៏ដូចជាការបង្កើនសមត្ថភាព និងលទ្ធភាពនៃការផ្តល់សេវាបឋម។
លើសពីនេះទៀត ថវិកាចំនួន ១៨,១៥ទ្រីលានរូពៀនឹងត្រូវបានបែងចែកសម្រាប់ការផ្លាស់ប្តូរសេវាបញ្ជូនតាមរយៈការធ្វើឱ្យប្រសើរឡើងនៃការទទួលបានសេវាបន្ទាប់បន្សំដែលមានគុណភាព ក៏ដូចជាថវិកាចំនួន ១,៤៨ទ្រីលានរូពៀសម្រាប់ប្រព័ន្ធសន្តិសុខសុខភាពដើម្បីអភិវឌ្ឍភាពធន់នៃវិស័យឱសថ និងឧបករណ៍វេជ្ជសាស្ត្រ និង កែលម្អចំពោះការឆ្លើយតបបន្ទាន់។
លោករដ្ឋមន្ត្រីរូបនោះបាននិយាយបន្ថែមថា ថវិកាចំនួន ៤៩ទ្រីលានរូពៀនឹងត្រូវបែងចែកផងដែរសម្រាប់ថវិកាគាំទ្រដល់ការផ្លាស់ប្តូរប្រព័ន្ធហិរញ្ញប្បទានវេជ្ជសាស្រ្ត ក្នុងគោលបំណងផ្តល់អាទិភាពដល់ភាពអាចរកបាន ភាពគ្រប់គ្រាន់ និងនិរន្តរភាព ភាពយុត្តិធម៌ក្នុងការបែងចែក និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ថវិកាចំនួន ៤,១៨ទ្រីលានរូពៀដែលប្រើប្រាស់សម្រាប់ការផ្លាស់ប្តូរធនធានមនុស្សផ្នែកវេជ្ជសាស្រ្ត នឹងត្រូវបានប្រើប្រាស់ដើម្បីបង្កើនកូតានិស្សិតអាហារូបករណ៍ក្នុងស្រុក និងបរទេស និងជួយសម្រួលដល់ការចូលរួមរបស់បុគ្គលិកពេទ្យក្នុងស្រុក និងបរទេស។
លើសពីនេះទៀត ថវិកាចំនួន ៥៤០ប៊ីលានរូពៀនឹងត្រូវបានបែងចែកសម្រាប់ការផ្លាស់ប្តូរនៃបច្ចេកវិទ្យាវេជ្ជសាស្រ្ត ដែលរួមមានការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលភាវូបនីយកម្ម និងបច្ចេកវិទ្យាជីវសាស្រ្ត៕
ប្រភព៖ ក្រសួងព័ត៌មាន