បរទេស៖ ក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃកំពុងសហការជាមួយដៃគូម៉ាឡេស៊ីដើម្បីអភិវឌ្ឍប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់ប្រទេសជាសមាជិកអាស៊ានចំនួនបួន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា លោក ចាយ៉ាតាន ព្រំសន លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកការដឹកជញ្ជូន បានជួបប្រជុំជាមួយសមភាគីម៉ាឡេស៊ី លោក អ៊ីសហាំ អ៊ីសហាក់ និងក្រុមហ៊ុនមកពីប្រទេសជិតខាងដើម្បីពិភាក្សាអំពីវិធីសហការសាងសង់ប្រព័ន្ធផ្លូវរថភ្លើងដែលតភ្ជាប់ប្រទេសទាំងពីរ។
នៅពេលមុននេះ ប្រទេសម៉ាឡេស៊ីបានស្នើសុំការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនជាមួយប្រទេសថៃជាចំណុចឆ្លងកាត់ដើម្បីភ្ជាប់ជាមួយប្រទេសឡាវ និងចិន។
ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានគ្នាអំពីគម្រោងនេះ ហើយប្រទេសម៉ាឡេស៊ីបានយល់ព្រមជាមួយនឹងគំនិតរបស់ប្រទេសថៃក្នុងការបង្កើតក្រុមការងាររួមគ្នាមួយ ដើម្បីពិភាក្សាអំពីប្រព័ន្ធផ្លូវរថភ្លើងដែលតភ្ជាប់រវាងប្រទេសចិន ឡាវ ថៃ ម៉ាឡេស៊ី និងសិង្ហបុរី។
មន្ត្រីម៉ាឡេស៊ីបានទៅដល់បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ លោក សាក់សាយ៉ាម ឈីដឆប បានចេញបទបញ្ជាដើម្បីតាមដានកិច្ចពិភាក្សាកាលពីថ្ងៃទី២៥ ខែកុម្ភៈ រវាងនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុធ ចានអូចា និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អ៊ីស្មាល ស្តីពីបញ្ហានេះ។
កាលពីពេលថ្មីៗនេះ លោករដ្ឋមន្ត្រី សាក់សាយ៉ាម បាននិយាយថា ក្រសួងដឹកជញ្ជូនថៃកំពុងអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿននៅភាគខាងត្បូងដើម្បីតភ្ជាប់ជាមួយប្រទេសទាំងប្រាំខាងលើ។
តាមការគ្រោងទុក អាជ្ញាធរនៃក្រសួងមួយចំនួនរបស់ប្រទេសថៃនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវនៅចុងខែនេះ ដើម្បីពិភាក្សាអំពីការពង្រីកផ្លូវរថភ្លើងចិន-ឡាវទៅកាន់ប្រទេសថៃ។ កិច្ចចរចានានានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ដោយផ្តោតសំខាន់ទៅលើការតភ្ជាប់ទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវ និងខេត្តណងខៃរបស់ប្រទេសថៃ៕
ប្រភព៖ ក្រសួងព័ត៌មាន