បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន លោក ឌ្មីទ្រី ហ្សៀរណូវ បានប្រាប់សារព័ត៌មានស្ពុតនីកថា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មស្តីទីរបស់ប្រទេសអាហ្វហ្គានីស្ថាន លោក នូរីដឌីន អាហ្ស៊ីហ្ស៊ី ដែលត្រូវបានតែងតាំងដោយពួកតាលីបង់ នឹងទៅដល់ទីក្រុងមូស្គូសម្រាប់កិច្ចចរចានៅថ្ងៃទី១៥ ខែសីហានេះ ដើម្បីពិភាក្សាអំពីការដឹកជញ្ជូនប្រេង និងផលិតផលអាហាររបស់រុស្ស៊ី។
លោក ហ្សៀរណូវ បាននិយាយថា «កិច្ចចរចាជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មអាហ្វហ្គានីស្ថាន នឹងត្រូវធ្វើឡើងនៅទីក្រុងមូស្គូនៅថ្ងៃទី១៥ ខែសីហានេះ។ គណៈប្រតិភូនោះក៏រួមមានទាំងអ្នកសេដ្ឋកិច្ច និងអ្នកហិរញ្ញវត្ថុផងដែរ។ អាហ្វហ្គានីស្ថានកំពុងរៀបចំផែនការទិញប្រេង ប្រភពថាមពលផ្សេងទៀត ស្រូវសាលី ម្សៅ និងប្រេងផ្កាឈូករ័ត្ន»។
លោកបាននិយាយបន្ថែមថា គណៈប្រតិភូនោះក៏មានគម្រោងទៅទស្សនកិច្ចនៅទីក្រុងកាហ្សានរបស់ប្រទេសរុស្ស៊ីផងដែរ។លោកឯកអគ្គរដ្ឋទូតរូបនោះបាននិយាយថា «ទំនាក់ទំនងបែបនេះ គឺមានភាពចាំបាច់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងអន្តរតំបន់»។
អនុប្រធានទីមួយនៃក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្ម និងការវិនិយោគអាហ្វហ្គានីស្ថាន (ACCI) លោក មូហាំម៉ាដ យូនុស មូហ៍ម៉ានដ៍ បានប្រាប់សារព័ត៌មានស្ពុតនីកកាលពីថ្ងៃទី១៥ ខែមិថុនា នៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF) ថា ប្រទេសអាហ្វហ្គានីស្ថានគ្រោងនឹងទិញស្រូវសាលីចំនួន ២លានតោន និងប្រេងចំនួន ៥ ០០០តោនពីប្រទេសរុស្ស៊ី ដោយលោកបាននិយាយបន្ថែមថា កិច្ចចរចាស្តពីការផ្គត់ផ្គង់កញ្ចក់ ឈើ និងពាណិជ្ជកម្មទ្វេភាគីដែលមិនបង់ពន្ធក៏កំពុងដំណើរការផងដែរ។
កិច្ចពិភាក្សានេះកើតឡើងដោយសារតែវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងដោយសារការបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថានរបស់សហរដ្ឋអាមេរិក។ ចាប់តាំងពីពួកតាលីបង់បានកាន់កាប់អាហ្វហ្គានីស្ថានកាលពីក្នុងខែសីហា ឆ្នាំ២០២១ ទីក្រុងវ៉ាស៊ីនតោនបានបង្កកទ្រព្យសម្បត្តិអាហ្វហ្គានីស្ថានចំនួន ៧ប៊ីលានដុល្លារអាម៉េរិកដែលត្រូវបានកាន់កាប់នៅក្នុងសហរដ្ឋអាមេរិក។ រដ្ឋបាលលោក ចូ បៃដិន បានព្រងើយកន្តើយនឹងការអំពាវនាវពីទីក្រុងកាប៊ុល និងសហគមន៍អន្តរជាតិឱ្យឈប់បង្កកទ្រព្យសម្បត្តិទាំងនោះ ដើម្បីកាត់បន្ថយស្ថានភាពមនុស្សធម៌នៅអាហ្វហ្គានីស្ថាន។ ជាលទ្ធផល ជាងពាក់កណ្តាលនៃចំនួនប្រជាជនអាហ្វហ្គានីស្ថាន ២២,៨លាននាក់ កំពុងស្ថិតនៅលើគែមនៃគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ៕
ប្រភព៖ ក្រសួងព័ត៌មាន