បរទេស៖ កាលពីថ្ងៃអាទិត្យ ក្រុមសង្កេតការណ៍ជាតិរបស់ប្រទេសចិនបានបន្តការប្រកាសអាសន្នពណ៌ក្រហមសម្រាប់ការកើនឡើងសីតុណ្ហភាពខ្ពស់ ដែលជាការព្រមានធ្ងន់ធ្ងរបំផុតនៅក្នុងប្រព័ន្ធព្រមានអាកាសធាតុកម្រិតបួនជាន់របស់ខ្លួន ខណៈដែលរលកកំដៅខ្លាំងបានវាយប្រហារតំបន់ជាច្រើននៅក្នុងប្រទេសចិន។
យោងតាមមជ្ឈមណ្ឌលជាតិឧតុនិយមបានឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃកាលពីថ្ងៃអាទិត្យ ផ្នែកខ្លះនៃតំបន់ស៊ីនជៀង តំបន់សាន់ស៊ី តំបន់សានស៊ី តំបន់ហេបី តំបន់សានដុង តំបន់ហឺណាន តំបន់អានហ៊ុយ តំបន់ជៀងស៊ូ តំបន់សាងហៃ តំបន់ហ៊ូបី តំបន់ហ៊ូណាន តំបន់ជៀងស៊ី តំបន់សេជៀង តំបន់ហ្វ៊ូជាន តំបន់ស៊ីឈួន តំបន់ចុងគីង តំបន់ជីស៊ូ តំបន់គួងស៊ី និងតំបន់គួងដុង ត្រូវបានគេរំពឹងថានឹងមានមានសីតុណ្ហភាពឡើងខ្ពស់ពី ៣៥ ទៅ ៣៩អង្សារសេ។
មជ្ឈមណ្ឌលឧតុនិយមបាននិយាយថា សីតុណ្ហភាពនៅផ្នែកខ្លះនៃតំបន់សាន់ស៊ី តំបន់ហឺណាន តំបន់អានហ៊ុយ តំបន់ជៀងស៊ូ តំបន់សាងហៃ តំបន់ហ៊ូបី តំបន់សេជៀង តំបន់ស៊ីឈួន តំបន់ចុងគីង និងតំបន់ស៊ីនជៀង អាចនឹងមានសីតុណ្ហភាពកើនឡើងលើសពី ៤០អង្សាសេ។
មជ្ឈមណ្ឌលនេះបានណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យចាត់វិធានការជាបន្ទាន់ដើម្បីទប់ទល់នឹងរលកកំដៅ ផ្អាកការងារក្រៅផ្ទះដែលប៉ះពាល់នឹងសីតុណ្ហភាពខ្ពស់ យកចិត្តទុកដាក់លើសុវត្ថិភាពអគ្គីភ័យ និងយកចិត្តទុកដាក់ជាពិសេសចំពោះក្រុមងាយរងគ្រោះ។
ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុពណ៌ចំនួនបួនកម្រិត ដោយពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត ដែលតាមពីក្រោយដោយការព្រមានពណ៌ទឹកក្រូច លឿង និងខៀវ៕
ប្រភព៖ ក្រសួងព័ត៌មាន