ថៃ​គ្រោង​នឹង​បង្កើត​កន្លែង​សាក​អា​គុយ​សម្រាប់​រថយន្ត​អគ្គិសនី អោយបានដល់​ទៅ​ជិត ១ ៤០០​កន្លែង​នៅ​ត្រឹម​ឆ្នាំ​២០៣០

0

បរទេស​៖ រដ្ឋាភិបាល​ថៃ​គ្រោង​នឹង​បង្កើន​ចំនួន​ស្ថានីយ​សាក​អា​គុយ​សម្រាប់​រថយន្ត​អគ្គិសនី (EV) ឱ្យ​បាន​ជាង ៦៥​ភាគរយ​នៅ​ត្រឹម​ឆ្នាំ​២០៣០​។

យោង​តាម​អ្នកនាំពាក្យ​រង​រដ្ឋាភិបាល​ថៃ លោកស្រី រ៉ា​ចា​ដា ថ្នា​ឌី​រេ​ក បានឱ្យ​ដឹង​ថា ចំនួន​ស្ថានីយ៍​សាក​អា​គុយ​សម្រាប់​រថយន្ត EV នៅ​ទូ​ទាំង​ប្រទេស​ថៃ​នឹង​កើនឡើង​ពី​ចំនួន ៩៤៤​កន្លែង​ដល់ ១ ៣៩៤​កន្លែង​ក្នុង​រយៈពេល​ប្រាំបួន​ឆ្នាំ​ខាង​មុខ​។ ដំណោះស្រាយ​នេះ​បាន​ធ្វើ​ឡើង​តាម​ការ​សិក្សា​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រសួង​ថាមពល ដើម្បី​ជំរុញ​ការ​ផលិត​រថយន្ត EV នៅ​ក្នុង​ប្រទេស​ថៃ​។

អ្នកនាំពាក្យ​រូប​នេះ​បាន​និយាយ​បន្ថែម​ថា អាជ្ញាធរ​អគ្គិសនី​ថៃ (EGAT) និង​ទីភ្នាក់ងារ​អភិវឌ្ឍ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជាតិ (NSTDA) បាន​បង្កើត​មជ្ឈមណ្ឌល​សាកល្បង និង​វិ​ញ្ញាប​ន​កម្ម​សម្រាប់​ឧបករណ៍​សាក​ដែល​មាន​កម្រិត​វ៉ុល​ខ្ពស់​សម្រាប់​រថយន្ត EV និង​ឧបករណ៍​ផ្សេង​ៗ​ទៀត​។

មជ្ឈមណ្ឌល​នេះ​បាន​បើក​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ដោយ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក​កាត់​បន្ថយ​ការ​ចំណាយ និង​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​រថយន្ត EV ដោយ​លុប​បំបាត់​តម្រូវការ​ក្នុង​ការ​បញ្ជូន​ផលិតផល​របស់​ពួក​គេ​ទៅ​ទទួល​ការ​បញ្ជាក់​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​។ កិច្ចការ​នេះ​នឹង​ជួយ​ដល់​ឧស្សាហកម្ម​រថយន្ត EV ក្នុងស្រុក និង​គាំទ្រ​ដល់​គោលដៅ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ក្លាយជា​ប្រទេស​ឈានមុខ​គេ​ទាក់ទង​នឹង​វិស័យ​យានយន្ត​អគ្គិសនី​៕

ប្រភព៖ ក្រសួងព័ត៌មាន