បទ​ឈប់​បាញ់​នៅ​ហ្គា​ហ្សា​ស្ទ្រី​ប​ចូល​ជា​ធរមាន​ចាប់ពី​ម៉ោង​២០:០០ ថ្ងៃ​ទី​៧ ខែសីហា

0

បរទេស​៖ សារព័ត៌មាន​រ៉​យ​ទ័​របា​ន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ដោយ​ដកស្រង់​សម្តី​របស់​មន្ត្រី​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ថា បទ​ឈប់​បាញ់​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ម៉ោង​២០:០០ ម៉ោង​ក្នុងស្រុក នៅ​ថ្ងៃអាទិត្យ​ទី​៧ ខែសីហា​។

មន្ត្រី​នោះ​បាន​និយាយ​នៅ​ពេល​មុន​នេះ​ថា អ៊ី​ស្រា​អែ​ល​បាន​ទទួលយក​សំណើ​មួយ​ស្តី​ពី​ការ​បង្កើត​បទ​ឈប់​បាញ់​មួយ​ដែល​ស្នើ​ឡើង​ដោយ​អេ​ហ្ស៊ី​ប ដែល​កំពុង​ដើរតួ​នាទី​ជា​អ្នក​សម្រុះសម្រួល​។

ទូរទស្សន៍ Al-Hadath បាន​និយាយ​នៅ​ពេល​មុន​នេះ​បន្តិច​ថា អេ​ហ្ស៊ី​ប​កំពុង​ពិភាក្សា​ជាមួយ​ភាគី​អ៊ី​ស្រា​អែ​ល និង​ប៉ា​ឡេ​ស្ទី​ន ស្តី​ពី​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​។

យោង​តាម​ទូរទស្សន៍ Al-Jazeera បានឱ្យ​ដឹង​ថា អេ​ហ្ស៊ី​ប​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រកាស​នូវ​ការ​អំពាវនាវ​របស់​ខ្លួន​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​វេលា​ម៉ោង​១៧:០០ ម៉ោង​ក្នុងស្រុក​។ ទូរទស្សន៍​នេះ​ក៏​បាន​និយាយ​ផង​ដែរ​ដោយ​លើក​ឡើង​ពី​ប្រភព​របស់​ខ្លួន​ថា កិច្ចព្រមព្រៀង​ឈប់​បាញ់​នេះ​ក៏​នឹង​ផ្តល់​នូវ​ការ​បន្ធូរបន្ថយ​ចំពោះ​ការ​បិទផ្លូវ​សេដ្ឋកិច្ច​នៃ​តំបន់​ហ្កា​ហ្សា​ស្ទ្រី​ប​ដែរ​។

ចលនា​ប៉ា​ឡេ​ស្ទី​ន​រ៉ា​ឌី​កាល់​ហា​ម៉ាស់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​គាំទ្រ​ទាំងស្រុង​ចំពោះ​បទ​ឈប់​បាញ់​នេះ ហើយ​បាន​និយាយ​អំពី​បញ្ហា​នេះ​ជាមួយ​បណ្តា​មេដឹកនាំ​ស៊ី​វិល​ជី​ហា​ដ​អ៊ី​ស្លា​ម​។

កាលពី​ថ្ងៃ​សុក្រ កងកម្លាំង​ការពារ​អ៊ី​ស្រា​អែ​ល (IDF) បាន​បើក​ប្រតិបត្តិការ Dawn ប្រឆាំង​នឹង​ក្រុម​អ៊ី​ស្លា​ម​ជី​ហា​ដ​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​។ យោង​តាម​ប្រភព​វេជ្ជសាស្ត្រ​បានឱ្យ​ដឹង​ថា មនុស្ស ៣២​នាក់​ត្រូវ​បាន​សម្លាប់ និង ២៥៣​នាក់​បាន​រង​របួស ដែល​ជា​លទ្ធផល​នៃ​ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល​។ ជា​ការ​ឆ្លើយ​តប ពួក​រ៉ា​ឌី​កាល់​បាន​បាញ់​គ្រាប់​មី​ស៊ី​ល និង​រ៉ុក្កែត​ជាង ៧០០​គ្រាប់​ទៅ​លើ​ទឹកដី​អ៊ី​ស្រា​អែ​ល​៕

ប្រភព៖ ក្រសួងព័ត៌មាន