បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ បានអោយដឹងថាមន្ត្រីការពារជាតិរបស់កោះតៃវ៉ាន់បានចោទប្រកាន់ទីក្រុងប៉េកាំងថាកំពុងធ្វើការ “ឈ្លានពាន” ដែនទឹក និងដែនអាកាសរបស់ខ្លួន។ បន្ទាប់ពីប្រទេសចិនបានប្រកាស “ប្រតិបត្តិការយោធា” ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិករបស់លោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិ។
មន្ត្រីយោធាតៃប៉ិបានអះអាងកាលពីថ្ងៃពុធថា តំបន់ជាច្រើននៅជុំវិញកោះតៃវ៉ាន់ ដែលប្រទេសចិនមានបំណងចង់ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក៏ដូចជាសមយុទ្ធយោធាផ្សេងទៀតនោះ គឺជាតំបន់ត្រួតលើគ្នារបស់ “លំហទឹកដីនៃកោះតៃវ៉ាន់” ។
បើយោងតាមកាសែត Guardian ទីក្រុងតៃប៉ិបានចោទប្រកាន់ទីក្រុងប៉េកាំងថាបានរំលោភលើ “ច្បាប់របស់អង្គការសហប្រជាជាតិ” ជាមួយនឹងអ្វីដែលខ្លួនបានអះអាងថាស្មើនឹង “ការបិទផ្លូវលំហអាកាស និងសមុទ្ររបស់តៃវ៉ាន់”៕