អា​មេ​រិ​ក​នឹង​ឆ្លើយ​តប​វិញ​ភ្លាម​ៗ ប្រសិនជា​ចិន​មាន​ប្រតិកម្ម​ផ្នែក​យោធា

0

បរទេស​៖ អ្នកនយោបាយ​អា​មេ​រិ​ក លោក Newt Gingrich បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន Fox News ថា សហរដ្ឋអាមេរិក​នឹង​សងសឹក​វិញ​យ៉ាង​ខ្លាំង ប្រសិនបើ​ប្រទេស​ចិន​ឆ្លើយ​តប​ផ្នែក​យោធា​ចំពោះ​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សក្តានុពល​របស់​ប្រធាន​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក លោកស្រី ណា​ន់​ស៊ី ប៉េ​ឡូ​ស៊ី ទៅ​កាន់​កោះ​តៃវ៉ាន់​។

លោក Gingrich ដែល​បាន​ទៅ​ទស្សនា​កោះ​នោះ​កាលពី​ក្នុង​ឆ្នាំ​១៩៩៧ ក្នុង​ពេល​ដែល​លោក​បាន​កាន់​តំណែង​ជា​ប្រធាន​សភា​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋបាល​លោក គ្លី​ន​តុ​ន នោះ​បាន​និយាយ​ថា «​ករណី​ដ៏​អាក្រក់​បំផុត – ប្រសិនបើ​ពួក​គេ​បាញ់​ទម្លាក់​យន្តហោះ​របស់​លោកស្រី ហើយ​វា​នឹង​ក្លាយជា​សង្គ្រាម​មួយ​ដ៏​ពិតប្រាកដ​។ យើង​នឹង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​សងសឹក​ដ៏​ខ្លាំង​នោះ​ទេ​។ កាលពីមុន អ្នកនយោបាយ​នៅ​សហរដ្ឋអាមេរិក​ដែល​ជា​អ្នក​រិះគន់​ចិន​រូប​នេះ បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េ​កាំ​ង​ដែល​នៅ​ទីនោះ​លោក​បាន​កត់សម្គាល់​ពី​ភាព​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ហើយ​ថែម​ទាំង​បាន​ប្តេជ្ញា​ថា​សភា​សហរដ្ឋអាមេរិក​នឹង​ជួយ​ក្នុង​ការ​បង្រួបបង្រួម​ដោយ​សន្តិភាព​រវាង​កោះ​តៃវ៉ាន់ និង​ចិនដីគោក​។ ទោះជា​យ៉ាងណា​ក៏​ដោយ ក្រោយមក​នៅ​ទីក្រុង​តៃប៉ិ លោក​បាន​សន្យា​ថា​នឹង​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​សព្វាវុធ​ទំនើប​ៗ​របស់​សហរដ្ឋអាមេរិក​ទៅ​កាន់​កោះ​តៃវ៉ាន់ ដែល​ធ្វើ​ឱ្យ​ទីក្រុង​ប៉េ​កាំ​ង​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​។ បន្ទាប់​មក ក្រសួងការបរទេស​ចិន​បាន​និយាយ​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​កំពុង​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ទីក្រុង​ប៉េ​កាំ​ង ហើយ​បាន​សម្តែង​ក្តី​សង្ឃឹមថា សហរដ្ឋអាមេរិក​ដែល​បាន​ទទួលស្គាល់​គោលការណ៍ «​ចិន​តែ​មួយ​» នឹង​គាំទ្រ​ពាក្យ​សម្តី​របស់​ខ្លួន​ជាមួយនឹង​សកម្មភាព​។

កាលពី​ថ្ងៃអាទិត្យ គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ​លោកស្រី ប៉េ​ឡូ​ស៊ី បាន​ចាកចេញ​ទៅ​កាន់​តំបន់​អាស៊ី​ក្នុង​គោលបំណង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហ​បុរី ម៉ា​ឡេ​ស៊ី កូរ៉េ​ខាងត្បូង និង​ជប៉ុន​។ ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់​មិន​ត្រូវ​បាន​លើក​ឡើង​ទេ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​លោកស្រី ប៉េ​ឡូ​ស៊ី​។ ទោះជា​យ៉ាងណា​ក៏​ដោយ សារព័ត៌មាន​មួយ​ចំនួន​ទទូច​ថា លោកស្រី ប៉េ​ឡូ​ស៊ី នៅ​តែ​អាច​ទៅ​ទស្សនា​កោះ​នេះ​។ ដំណើរ​ទស្សនកិច្ច​នេះ​អាច​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​ប្រធាន​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ទៅ​កាន់​កោះ​តៃវ៉ាន់​ក្នុង​រយៈពេល ២៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ទីក្រុង​ប៉េ​កាំ​ង​បាន​ព្រមាន​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ម្តង​ហើយ​ម្តងទៀត​ថា ប្រសិនបើ​លោកស្រី ប៉េ​ឡូ​ស៊ី ទៅ​ទស្សនា​កោះ​នេះ​ដែល​នឹង​មាន​ផល​ប៉ះពាល់ ហើយ​ប្រទេស​ចិន​នឹង​ចាត់វិធានការ​ធ្ងន់ធ្ងរ​។

កោះ​តៃវ៉ាន់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋបាល​ក្នុង​តំបន់​របស់​ខ្លួន​ចាប់តាំងពី​ឆ្នាំ​១៩៤៩ មក នៅ​ពេល​ដែល​កងកម្លាំង​គួ​មីន​តាង​នៅ​សេសសល់​ដែល​ដឹកនាំ​ដោយ​ឈៀង កៃ​សៀ​ក (​ឆ្នាំ​១៨៨៧-១៩៧៥) បាន​ភៀសខ្លួន​ទៅ​កាន់​កោះ​នេះ​បន្ទាប់​ពី​ទទួល​រង​បរាជ័យ​ក្នុង​សង្គ្រាមស៊ីវិល​របស់​ប្រទេស​ចិន​។ ចាប់តាំងពី​ពេល​នោះ​មក កោះ​តៃវ៉ាន់​បាន​រក្សា​ទង់ជាតិ និង​និមិត្តសញ្ញា​មួយ​ចំនួន​ទៀត​នៃ​សាធារណរដ្ឋ​ចិន​ដែល​មាននៅ​ក្នុង​ប្រទេស​ចិនដីគោក មុន​ពេល​បក្សកុម្មុយនិស្ត​ឡើង​កាន់​អំណាច​។ ទីក្រុង​ប៉េ​កាំ​ង​បាន​ចាត់​ទុក​កោះ​នេះ​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​របស់​ខ្លួន ហើយ​គោល​ជំហរ​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រទេស​ភាគច្រើន រួម​ទាំង​រុ​ស្ស៊ី​ផង​ដែរ​៕

ប្រភព៖ ក្រសួងព័ត៌មាន