បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ បានអោយដឹងថាប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្ត សាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារលទ្ធិប្រជាធិបតេយ្យនៅតៃវ៉ាន់ ក្នុងអំឡុងកិច្ចប្រជុំជាមួយមេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ក្នុងទីក្រុងតៃប៉ិ នៅពីថ្ងៃពុធនេះ។
យោងតាមសារព័ត៌មាន South China Morning Post បានឱ្យដឹងថាលោកស្រី Tsai Ing-wen មេដឹកនាំកោះតៃវ៉ាន់ បាននិយាយថា “ភាពក្លាហាន និងសកម្មភាពរបស់អ្នក គឺជាការបំផុសគំនិត និងទាក់ទាញយ៉ាងខ្លាំង”។ ការនិយាយនេះ ស្របដែលលោកស្រី Tsai Ing-wen បានផ្តល់អោយលោកស្រី Pelosi នូវពានរង្វាន់ស៊ីវិលលំដាប់ខ្ពស់បំផុតមួយគឺ Order of Propitious Clouds with Special Grand Cordon។
ក្រោយទទួលយកពានរង្វាន់នេះ លោកស្រី Pelosi បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនបោះបង់ចោលការប្តេជ្ញាចិត្តរបស់យើងចំពោះតៃវ៉ាន់ទេ។ ខណៈពេលដែលបានសរសើរលោកស្រី Tsai ជាគំរូ “ប្រធានាធិបតីស្ត្រីនៅក្នុងសង្គមសេរីបំផុតមួយនៅក្នុងពិភពលោក”៕