អ៊ុយ​ក្រែ​ន​ទទួល​បាន​ប្រាក់​ចំនួន ៥០០​លាន​អឺ​រ៉ូ ពី​សហភាព​អឺរ៉ុប

0

បរទេស​៖ នាយក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន លោក ដេ​នី​ស ស្មី​ហាល បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ទទួល​ប្រាក់​ចំនួន ៥០០​លាន​អឺ​រ៉ូ (​ប្រមាណ ៥១២​លាន​ដុល្លារ​អាម៉េរិក​) ដែល​ជា​ចំណែក​មួយ​នៃ​ជំនួយ​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប (EU)​។

លោក ស្មី​ហាល បាន​សរសេរ​នៅ​លើ​បណ្តាញ​តេ​ឡេ​ក្រាម​ថា យើង​ដឹងគុណ​ដល់​សហភាព​អឺរ៉ុប​សម្រាប់​ការ​រួមចំណែក​មួយ​បែប​នេះ​។ វា​ជា​ការ​វិនិយោគ​យ៉ាង​សំខាន់​មួយ​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ស្ថេ​រ​ភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រួម​របស់​យើង ព្រមទាំង​អនាគត​ដែល​ផុត​ពី​គ្រោះថ្នាក់​។

លោក​បាន​និយាយ​ថា ប្រទេស​របស់​លោក​នឹង​ទទួល​បាន​ចំណែក​មួយទៀត​នៃ​ជំនួយ​ដែល​មាន​តម្លៃ ៥០០​លាន​អឺ​រ៉ូ​នៅ​ថ្ងៃ​អង្គារ​នេះ​។

កាលពី​ខែ​កន្លង​ទៅ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប បាន​អនុម័ត​ជំនួយ​មួយ​ដែល​មាន​ទឹកប្រាក់​ចំនួន ១​ប៊ី​លាន​អឺ​រ៉ូ (​ប្រមាណ ១,០២​ប៊ី​លាន​ដុល្លារ​អាម៉េរិក​) សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ជួយ​ប្រទេស​នេះ​ក្នុង​ការ​រក្សា​នូវ​ស្ថេ​រ​ភាព​ហិរញ្ញវត្ថុ​នៅ​ពេល​មាន​ជម្លោះ​ជាមួយ​រុ​ស្ស៊ី​។

លោក ស្មី​ហាល បាន​និយាយ​ថា មូលនិធិ​នេះ​នឹង​ជួយ​ដល់​អ៊ុយ​ក្រែ​ន​ក្នុង​ការ​គ្របដណ្តប់​នូវ​តម្រូវការ​ថវិការ​ជា​អាទិភាព​របស់​ខ្លួន​។

កាលពី​ក្នុង​ខែឧសភា គណៈកម្មការ​អឺរ៉ុប​បាន​ស្នើ​លៃលក​ទុក​ប្រាក់​ចំនួន ៩​ប៊ី​លាន​អឺ​រ៉ូ (​ប្រមាណ ៩,២​ប៊ី​លាន​ដុល្លារ​អាម៉េរិក​) សម្រាប់​ជំនួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ក្នុងឆ្នាំនេះ​៕

ប្រភព៖ ក្រសួងព័ត៌មាន