បរទេស៖ អ្នកជំងឺកូវីដ-១៩ ដែលបានឆ្លងដោយវ៉ារ្យ៉ង់រង BA.5 នៃវីរុសបម្លែងថ្មីអូមីក្រុង ឥឡូវនេះត្រូវបានរកឃើញច្រើនជាងករណីអ្នកដែលឆ្លងវ៉ារ្យ៉ង់រង BA.4 ។ ប្រភេទទាំងពីរនេះត្រូវបានគេរកឃើញថាមានរោគសញ្ញាធ្ងន់ធ្ងរជាងប្រភេទដែលបង្កឡើងដោយវ៉ារ្យ៉ង់រង BA.2 ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរសុខាភិបាលកំពុងអះអាងថា ការចាក់វ៉ាក់សាំងបង្ការបានបង្កើនប្រសិទ្ធភាពក្នុងការជួយការពារមិនឱ្យមានរោគសញ្ញាធ្ងន់ធ្ងរ។
នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ (DMS) បានបង្ហាញថា ខ្លួនបានត្រួតពិនិត្យសំណាកចំនួន៤៦៨ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ដើម្បីកំណត់ពីប្រភេទវ៉ារ្យ៉ង់នៃជំងឺរាតត្បាត។ អគ្គនាយក DMS លោក ស៊ូប៉ាគីត ស៊ីរីឡាក់ បាននិយាយថា សំណាកចំនួន១៦ គឺបានមកពីអ្នកដំណើរដែលចូលក្នុងប្រទេសថៃពីបរទេស។ សំណាកចំនួន៣៤៥ គឺបានមកពីអ្នកជំងឺក្នុងស្រុកដែលមិនមានរោគសញ្ញាធ្ងន់ធ្ងរ។ សំណាកចំនួន១០៧ គឺបានមកពីអ្នកជំងឺក្នុងស្រុកដែលមានរោគសញ្ញាធ្ងន់ធ្ងរ ឬអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩។
ប្រហែល ៣២០ នៃសំណាកទាំងអស់ គឺជាប្រភេទវ៉ារ្យ៉ង់រង BA.4 ឬ BA.5 ។ រាល់សំណាកទាំងអស់ដែលបានវិភាគពីអ្នកដំណើរអន្តរជាតិដែលចូលទៅក្នុងប្រទេសថៃ គឺសុទ្ធតែពាក់ព័ន្ធនឹងវ៉ារ្យ៉ង់រងទាំងពីរ។
លោកវេជ្ជបណ្ឌិត ស៊ូប៉ាគីត បាននិយាយថា ការរំពឹងទុកអាចត្រូវបានធ្វើឡើងអំពីវ៉ារ្យ៉ង់រងទាំងពីរដែលបង្កើតរោគសញ្ញាធ្ងន់ធ្ងរជាងប្រភេទ BA.2 ។ ទោះជាយ៉ាងណាក៏ដោយ កម្រិតនៃភាពធ្ងន់ធ្ងរនៅតែត្រូវបានកំណត់។
នាយកដ្ឋាន DMS បានធ្វើតេស្ត PRN ដើម្បីកំណត់កម្រិតភាពស៊ាំដែលអ្នកទទួលការចាក់វ៉ាក់សាំងដូសជំរុញប្រឆាំងនឹងវ៉ារ្យ៉ង់រង BA.4 និង BA.5។ ការធ្វើតេស្តនេះត្រូវបានធ្វើឡើងទៅលើសំណាកដែលប្រមូលបានពីអ្នកដែលទទួលបានការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ឬវ៉ាក់សាំងអាស្ត្រាហ្សេនេកា ចំនួនពីរដូស មុនពេលទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ។ ការចាក់វ៉ាក់សាំងដូសជំរុញដែលត្រូវបានប្រើប្រាស់រួមមាន វ៉ាក់សាំងអាស្ត្រាហ្សេនេកា និងវ៉ាក់សាំងភីហ្វាយហ្ស័រ។ កម្រិតភាពស៊ាំប្រឆាំងនឹងវ៉ារ្យ៉ង់រង BA.4 និង BA.5 បានធ្លាក់ចុះយ៉ាងខ្លាំងសម្រាប់ការរួមផ្សំនៃវ៉ាក់សាំងទាំងអស់ បើប្រៀបធៀបទៅនឹងភាពស៊ាំប្រឆាំងនឹងវ៉ារ្យ៉ង់រង BA.2 ៕
ប្រភព៖ ក្រសួងព័ត៌មាន