ភ្នំពេញ៖ តបនឹងព័ត៌មានផ្សាយនៅថ្ងៃទី២៧/៧/ ២០២២ លើបណ្តាញសង្គមឈ្មោះ Vannak Peng
នាយកដ្ឋាននគរបាល ចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ សូមបំភ្លឺជូនដូចតទៅ៖
រៀងរាល់ថ្ងៃគ្រោះថ្នាក់ចរាចរណ៍បង្ក ឲ្យប្រជាពលរដ្ឋស្លាប់៥ន របួស១០ន និង ខាតបង់ទ្រព្យសម្បត្តិជាច្រើន ក្នុងនោះ គ្រោះថ្នាក់ដោយការបើកបរលើស ល្បឿនកំណត់មានប្រមាណ៤០%។ គ្រោះថ្នាក់នេះមិនរើសកន្លែង មិនរើសផ្លូវកំពុងធ្វើ ឫផ្លូវធ្វើហើយទេ មិនរើស ពេល ឲ្យតែការបើកបរប្រហែសមិនគោរពច្បាប់ ឫមិនយោគយល់អាធ្យាស្រ័យ នោះនឹងជួបប្រទះមិនខាន។
បើគោរពច្បាប់ គឺទទួលបានផលពីរ គឺ សុវត្ថិភាព និង គ្មានទទួលទណ្ឌកម្ម តាមច្បាប់(ពិន័យ ដកហូតបណ្ណបើកបរ ឃាត់យានយន្តមានរយៈពេលកំណត់..) ការរឹតបន្តឹងច្បាប់ចំពោះការបើកបរ លើសល្បឿនកំណត់នៅកន្លែងគ្មាន ផ្លាកសញ្ញាកំណត់ល្បឿន គឺអនុលោម តាមការកំណត់ល្បឿនអតិបរមាតាម ប្រភេទផ្លូវដែលមានចែងក្នុងអនុក្រឹត្យ លេខ៨៦ អនក្របក ចុះថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៥ មានន័យថា បើអនុក្រឹត្យកំណត់ល្បឿនអតិបរមា៩០គ.ម ក្នុង១ ម៉ោងលើផ្លូវណាមួយ ការបើកបរនៅកន្លែងគ្មានសញ្ញាកំណត់ល្បឿនលើសពី៩០គ.មក្នុង១ម៉ោងលើផ្លូវនោះ ជាការប្រព្រឹត្តល្មើសច្បាប់។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈសំណូមពរ អ្នកប្រើប្រាស់ផ្លូវគ្រប់រូបស្វែងយល់ និង ចូលរួមគោរពច្បាប់ ប្រកាន់ការយោគ យល់អាធ្យាស្រ័យ ដើម្បីសុខសុវត្ថិភាព ទាំងអស់គ្នា៕
ប្រភព៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ