បរទេស៖ មន្ត្រីសេតវិមានមួយរូបបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា រដ្ឋបាលសហរដ្ឋអាមេរិកជឿជាក់ថា ទីក្រុងព្យុងយ៉ាងកំពុងរៀបចំធ្វើតេស្ដនុយក្លេអ៊ែរមួយផ្សេងទៀតក្នុងពេលឆាប់ៗនេះ ហើយសហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនដើម្បីប្រតិកម្មរួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។
អ្នកសម្របសម្រួលសម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រនៅក្រុមប្រឹក្សាសន្តិសុខជាតិក្នុងសេតវិមាន លោក John Kirby បាននិយាយថា «យើងច្បាស់ណាស់ថា កូរ៉េខាងជើងអាចត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើតេស្ដនុយក្លេអ៊ែរ»។
លោកបាននិយាយបន្ថែមថា «រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនច្បាស់ណាស់នឹងធ្វើការឃ្លាំមើលយ៉ាងជិតស្និទ្ធសម្រាប់លទ្ធភាពណាមួយនៃការបាញ់សាកល្បងនុយក្លេអ៊ែរ ហើយរំពឹងថានឹងផ្តល់វិញនូវប្រតិកម្មដ៏រឹងមាំនៅក្នុងការប្រជុំជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន»។
អ្នកតំណាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានអះអាងថា ទីក្រុងព្យុងយ៉ាងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបាញ់សាកល្បងនុយក្លេអ៊ែរថ្មី ដោយមានអ្នកឯកទេសរង់ចាំការសម្រេចចិត្តរបស់លោក គីម ជុងអ៊ុន។
សង្គ្រាមកូរ៉េបានផ្ទុះឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ ហើយបានបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣។ ក្រៅពីកងកម្លាំងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ជម្លោះនេះពាក់ព័ន្ធនឹងអ្នកស្ម័គ្រចិត្តចិននៅខាងទីក្រុងព្យុងយ៉ាង និងកងទ័ពសហរដ្ឋអាមេរិកក្រោមបដាអង្គការសហប្រជាជាតិនៅខាងទីក្រុងសេអ៊ូល។ កូរ៉េខាងជើងក៏ទទួលបានការគាំទ្រពីសហភាពសូវៀតផងដែរ។ សង្គ្រាមបានបញ្ចប់ដោយបទឈប់បាញ់ ប៉ុន្តែសន្ធិសញ្ញាសន្តិភាពមិនទាន់ត្រូវបានចុះហត្ថលេខាទេរហូតមកដល់សព្វថ្ងៃនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន