បរទេស៖ សារព័ត៌មាន Der Spiegel បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ពីប្រភពរបស់ខ្លួនថា អតីតអធិការបតីអាល្លឺម៉ង់ លោក Gerhard Schroeder បានទៅដល់ទីក្រុងមូស្គូហើយដើម្បីពិភាក្សាអំពីវិស័យថាមពល។
យោងតាមប្រភពនោះបានឱ្យដឹងថា ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីតាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream នឹងក្លាយជាចំណុចសំខាន់នៃកិច្ចពិភាក្សានោះ។ ប្រព័ន្ធផ្សព្វផ្សាយនេះបាននិយាយបន្ថែមថា វាមិនច្បាស់ទេថា អតីតអធិការបតីអាល្លឺម៉ង់រូបនេះនឹងជួបប្រជុំជាមួយអ្នកណា។
លោក Schroeder បានធ្វើទស្សនកិច្ចចុងក្រោយនៅទីក្រុងមូស្គូកាលពីក្នុងខែមីនា ដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែនជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ជំនួបរវាងមេដឹកនាំរុស្ស៊ី និងអតីតអធិការបតីអាល្លឺម៉ង់ អាចធ្វើទៅបាន។
លោក Schroeder បាននិយាយនៅពេលមុននេះនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែតញូវយ៉កថែមស៍ថា វាមិនអាចទៅរួចទេក្នុងការផ្តាច់ប្រទេស ដូចជាប្រទេសរុស្ស៊ីក្នុងរយៈពេលយូរ មិនថានយោបាយ ឬសេដ្ឋកិច្ចនោះទេ»៕
ប្រភព៖ ក្រសួងព័ត៌មាន