រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស ចេញ​មុខ​ប្រឆាំង​ក្នុង​ការ​បញ្ជូន​ទ័ព​អង់គ្លេស​ទៅ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន TASS បានអោយ​ដឹង​ថា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស លោកស្រី លី​ហ្ស៍ ទ្រូ​សស៍ បាន​ចេញ​មុខ​ប្រឆាំង​នឹង​ការ​ចូលរួម​ដោយ​ផ្ទាល់​របស់​កង​ទាហាន​អង់គ្លេស​នៅ​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​។

អ្នកនយោបាយ​ដែល​បាន​ឈាន​ដល់​ជុំ​ចុង​ក្រោយ​នៃ​ការ​ប្រណាំង​សម្រាប់​សម្រាប់​តំណែង​មេដឹកនាំ​គណបក្ស​អភិរក្សនិយម និង​ជា​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន BBC ថា «​យើង​កំពុង​ធ្វើ​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​គាំទ្រ​អ៊ុយ​ក្រែ​ន​។ យើង​បាន​ដឹកនាំ​ក្រុមចម្រុះ​អន្តរជាតិ​ទៅ​លើ​ការ​បញ្ជូន​អាវុធ ហើយ​យើង​កំពុង​ដាក់​ទណ្ឌកម្ម ប៉ុន្តែ​ខ្ញុំ​មិន​គាំទ្រ​ចំពោះ​ការ​ចូលរួម​ដោយ​ផ្ទាល់​របស់​កង​ទាហាន​អង់គ្លេស​ទេ​»​។

លោកស្រី លី​ហ្ស៍ ទ្រូ​សស៍ នឹង​ត្រូវ​ជួប​ជាមួយ​អតីត​អធិការបតី​នៃ​ចក្រភព​អង់គ្លេស លោក រី​ស៊ី ស៊ូ​ណា​ក់ ក្នុង​ជុំ​ចុង​ក្រោយ​នៃ​ការ​ប្រណាំងប្រជែង​ដើម្បី​ស្នង​តំណែង​លោកនាយក​រដ្ឋមន្ត្រី បូ​រី​ស ច​ន​សុ​ន​។ ឥឡូវនេះ​សមាជិក​ប្រមាណ​ជិត ២០០ ០០០​នាក់​នៃ​គណបក្ស​អភិរក្សនិយម​នឹង​ត្រូវ​សម្រេចចិត្ត​នៅ​ដើមខែ​កញ្ញា​ទៅ​លើ​ជោគវាសនា​របស់​បេក្ខភាព​ទាំង​ពីរ​។​មេដឹកនាំ​ថ្មី​នៃ​គណបក្ស​ដែល​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ដោយ​ស្វ័យប្រវត្តិ​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា​។

កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទី​ន បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍​ថា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ប្រមុខ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ដុន​បាស​ស៍ លោក​បាន​ធ្វើការ​សម្រេចចិត្ត​ដើម្បី​ធ្វើ​ប្រតិបត្តិការ​យោធា​ពិសេស​មួយ​ដើម្បី​ការពារ​ប្រជាជន​ដែល​ទទួល​រង​ការ​រំលោភ​បំពាន និង​ការ​ប្រល័យពូជសាសន៍​ដោយ​របប​ទីក្រុង​គៀវ​អស់​រយៈពេល​ប្រាំបី​ឆ្នាំ​។ ក្រោយ​ពី​បញ្ហា​នេះ​កើតឡើង សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រុ​ស្ស៊ី និង​បង្កើន​ការ​បញ្ជូន​សព្វាវុធ​ទៅ​ទីក្រុង​គៀវ​៕

ប្រភព​៖ ក្រសួង​ព័ត៌មាន