បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន NNT បានអោយដឹងថាអាជ្ញាធរទេសចរណ៍ថៃ (TAT) បានប្រកាសពីផែនការទីផ្សារសម្រាប់ឆ្នាំ២០២៣ ដែលនឹងបន្តការរស់ឡើងវិញ និងការផ្លាស់ប្តូរវិស័យទេសចរណ៍ថៃដែលត្រូវបានផ្តួចផ្តើមនៅឆ្នាំនេះ។
កាលពីពេលថ្មីៗនេះ TAT បានរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ TAT របស់ខ្លួនសម្រាប់សន្និសីទឆ្នាំ២០២៣ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រទេសចរណ៍ក្រោយជំងឺរាតត្បាតកូវីដ-១៩។
នៅក្នុងសន្និសីទនោះ អភិបាល TAT លោក យុទ្ធស័ក្ត ស៊ូប៉ាសន បាននិយាយថា ទីភ្នាក់ងារបានគូសបញ្ជាក់រួចហើយនូវយុទ្ធសាស្ត្រទីផ្សារសម្រាប់ឆ្នាំខាងមុខ ដែលប្រកាន់ខ្ជាប់នូវផែនការសាជីវកម្មសម្រាប់ឆ្នាំ២០២៣-២០២៧ របស់ TAT ដើម្បីពង្រឹងគោលជំហររបស់ TAT ក្នុងនាមជាអ្នកដឹកនាំយុទ្ធសាស្ត្រក្នុងការជំរុញប្រទេសថៃឆ្ពោះទៅរកបទពិសោធន៍ និងចីរភាពក្នុងវិស័យទេសចរណ៍។
TAT នឹងបន្តប្រើប្រាស់កម្មវិធី «ទស្សនាប្រទេសថៃឆ្នាំ២០២២-២០២៣៖ ជំពូកថ្មីដ៏អស្ចារ្យ» ជាយុទ្ធសាស្ត្រទំនាក់ទំនងអន្តរជាតិរបស់ខ្លួន។ ក្រោមពាក្យស្លោក «ពី A ដល់ Z: ប្រទេសថៃដ៏អស្ចារ្យមានគ្រប់អ្វីៗទាំងអស់» ប្រទេសថៃនឹងបន្តទីផ្សារជាគោលដៅលំដាប់ពិភពលោកជាមួយនឹងអ្វីៗទាំងអស់សម្រាប់អ្នករាល់គ្នា។
យោងតាមលោកអភិបាល TAT បានឱ្យដឹងថា TAT និងបណ្តាក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នឹងបង្កើតភាពជាដៃគូសហការបន្ថែមទៀតដើម្បីលើកកម្ពស់វិស័យទេសចរណ៍អន្តរជាតិ។ តាមរយៈការផ្សព្វផ្សាយប្រទេសថៃជាទិសដៅទេសចរណ៍ពេញមួយឆ្នាំ លោកក៏បានសង្កត់ធ្ងន់ទៅលើការលើការបង្កើនឱ្យមានភាពមមាញឹកសម្រាប់ការធ្វើដំណើររបស់អ្នកទេសចរក្នុងស្រុកផងដែរ។
ផែនការទីផ្សាររបស់ TAT គឺស្របជាមួយនឹងគំរូសេដ្ឋកិច្ច Bio-Circular-Green ឬ BCG ដែលអនុលោមតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ លើសពីនេះទៀត ទីភ្នាក់ងារនេះនឹងប្រើប្រាស់គេហទំព័រ https://virtualmart.tourismthailand.org ដែលជាគេហទំព័រទីផ្សារនិម្មិតទេសចរណ៍ថៃជាទម្រង់ B2B តាមប្រព័ន្ធអនឡាញសម្រាប់អាជីវកម្មទេសចរណ៍ថៃ និងប្រតិបត្តិករទេសចរណ៍អន្តរជាតិ៕
ប្រភព៖ ក្រសួងព័ត៌មាន