រុ​ស្ស៊ី ព្រមាន​ថា​ប្រទេស​អ៊ុយ​ក្រែ​ន អាច​នឹង​បាត់​ខ្លួន​ពី​ផែនទី​ពិភពលោក

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន TASS បានអោយ​ដឹង​ថា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​រុ​ស្ស៊ី លោក ឌ្មី​ទ្រី មេ​ដ​វី​ដេ​វ បាន​សរសេរ​នៅ​លើ​បណ្តាញ​តេ​ឡេ​ក្រាម​របស់​លោក​ថា អ៊ុយ​ក្រែ​ន​ជា​រដ្ឋ​មួយ​ដែល​អាច​នឹង​បាត់​ខ្លួន​ពី​ផែនទី​ពិភពលោក ដែល​ជា​លទ្ធផល​មួយ​នៃ​ព្រឹត្តិការណ៍​នា​ពេល​បច្ចុប្បន្ន​។

លោក​បាន​កត់​សម្គាល់ថា «​បន្ទាប់​ពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ប្រទេស​អ៊ុយ​ក្រែ​ន​បាន​បាត់បង់​ឯករាជ្យ​ភាព​រដ្ឋ​របស់​ខ្លួន​ហើយ​បាន​ធ្លាក់​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​នៃ​សមូហភាព​លោក​ខាងលិច ក៏​ដូច​ជា​បាន​ចាប់ផ្តើម​ជឿ​ថា អង្គការ​ណា​តូ​នឹង​ធានា​ដល់​សន្តិសុខ​របស់​ខ្លួន​»​។ អ្នកនយោបាយ​រូប​នេះ​បាន​និយាយ​បន្ថែម​ថា «​ជា​លទ្ធផល​នៃ​ព្រឹត្តិការណ៍​ទាំងអស់​នា​ពេល​បច្ចុប្បន្ន​នេះ អ៊ុយ​ក្រែ​ន​អាច​នឹង​បាត់បង់​នូវ​អ្វី​ដែល​នៅ​សេសសល់​នៃ​អធិបតេយ្យភាព​រដ្ឋ​របស់​ខ្លួន និង​បាត់​ពី​ផែនទី​ពិភពលោក​»​។

លោក មេ​ដ​វី​ដេ​វ ក៏​បាន​អះអាង​ផង​ដែរ​ថា «​ឧក្រិដ្ឋជន​អ៊ុយ​ក្រែ​ន​នឹង​ត្រូវ​កាត់ទោស​ចំពោះ​អំពើ​ឃោរឃៅ​ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​ប្រជាជន​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី​»៕

ប្រភព​៖ ក្រសួង​ព័ត៌មាន