បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VNA បានអោយដឹងទីភ្នាក់ងារត្រួតពិនិត្យអាហារ និងឱសថ (BPOM) របស់ប្រទេសឥណ្ឌូណេស៊ី បានអនុម័តសម្រាប់ការប្រើប្រាស់ថ្នាំ Paxlovid ជាបន្ទាន់ ដើម្បីបម្រើដល់ការព្យាបាលអ្នកជំងឺកូវីដ-១៩។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន BPOM បាននិយាយថា ឱសថ Paxlovid ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ ពេញវ័យ ដែលមិនត្រូវការអុកស៊ីសែនបន្ថែម និងសម្រាប់អ្នកជំងឺដែលមានហានិភ័យខ្ពស់សម្រាប់រោគសញ្ញាធ្ងន់ធ្ងរ។
ការសាកល្បងព្យាបាលដំណាក់កាលទី២ និងទី៣ បានបង្ហាញថា ឱសថ Paxlovid ដែលផលិតដោយក្រុមហ៊ុន Pfizer របស់សហរដ្ឋអាមេរិក ដែលជួយកាត់បន្ថយហានិភ័យនៃការសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ឬការស្លាប់បាន ៨៩ភាគរយចំពោះអ្នកជំងឺកូវីដ-១៩ ពេញវ័យធ្ងន់ធ្ងរ ដែលមិនបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ការសិក្សាក៏បានបង្ហាញផងដែរថា ឱសថ Paxlovid មានសុវត្ថិភាពជាមួយនឹងផលប៉ះពាល់ពីកម្រិតស្រាលទៅមធ្យម ដូចជាបញ្ហារសជាតិ រាគ ឈឺក្បាល និងក្អួតជាដើម។
ឱសថ Paxlovid គឺជាឱសថមួយក្នុងចំណោមឱសថព្យាបាលជំងឺកូវីដ-១៩ ទាំងប្រាំដែលត្រូវបានអនុម័តដោយ BPOM ដោយរួមមានឱសថ Favipiravir និង Remdesivir (2020) ឱសថ monoclonal antibody Regdanvimab (2021) និងឱសថ Molnupiravir (2022)។
បច្ចុប្បន្ន ប្រទេសឥណ្ឌូណេស៊ីកំពុងប្រឈមមុខនឹងការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ ដែលបង្កឡើងដោយប្រភេទរង BA.4 និង BA.5 នៃវីរុសបម្លែងថ្មីអូមីក្រុង៕
ប្រភព៖ ក្រសួងព័ត៌មាន