ស្លាប់​ម្នាក់ របួស​ម្នាក់ ក្នុង​ហេតុការណ៍​ជិះ​ម៉ូតូ​ទៅ​បុក​នឹង​..

0

ពោធិ៍សាត់ ៖ កាលពី​ថ្ងៃ​ចន្ទ ៥​រោច ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​២០​និង​១៥​នាទី​យប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បើក​ម៉ូតូ​បុក​ខឿន​ចែក​ទ្រូងផ្លូវ​(​ខឿន​កណ្តាល​) បណ្ដាល​ឲ្យ​បុរស​០១​នាក់​ស្លាប់ និង​ស្ត្រី​០១​នាក់​រង​របួសស្រាល​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ លេខ​១៤៥-១៤៦​ស្ថិត​នៅ​ភូមិ​ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​បាត់ដំបង 1AD-1505 បើកបរ​ដោយ​ឈ្មោះ ស៊ិ​ន រ​ដ្ឋា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ផ្សារ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្ត​ពោ​សាត់​(​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ និង​អ្នក​រួម​ដំណើរ​ឈ្មោះ ភុ​ន កញ្ញា ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​(​រង​របួសស្រាល​) ធ្វើ​ចរាចរណ៍​ពី​លិចទៅ​កើត​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​ជិះ​ម៉ូតូ​បុក​ខឿន​ចែក​ទ្រូងផ្លូវ​(​ខឿន​កណ្តាល​) យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​ខ្លួនឯង​។​រីឯ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​និង​ក្រុម​គ្រូពេទ្យ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​។

លោក​វរសេនីយ៍ទោ សា​រឿ​ន សា​រ៉ា​វុ​ធ អធិការ​នគរបាល​ស្រុក​ក្រគរ​ស្ដីទី​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​បាន​ចុះ​ទៅ​ពិនិត្យ និង​ធ្វើការ​វាស់វែង​រួច​ហើយ​បាន​សន្និដ្ឋាន​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​មក​ពី​កត្តា​ល្បឿន និង​អ្នកបើកបរ​ម៉ូតូ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ ចំពោះ​ម៉ូតូ​សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្បាល​ត្រាច​ជា​បណ្តោះអាសន្ន ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ