បរទេស៖ សារព័ត៌មាន The Strait Times បាននិយាយដោយដកស្រង់សម្តីអ្នកជំនាញវេជ្ជសាស្ត្រថា រលកនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសសិង្ហបុរីអាចនឹងឈានដល់កម្រិតកំពូលនៅចុងសប្តាហ៍នេះ ឬឆាប់ជាងនេះ ក្នុងរយៈពេលមួយ ឬពីរថ្ងៃខាងមុខ។
សារព័ត៌មាននេះបានដកស្រង់សម្តីសាស្ត្រាចារ្យ Teo Yik Ying ព្រឹទ្ធបុរសនៃសាលាសុខភាពសាធារណៈ NUS Saw Swee Hock ដែលបាននិយាយថា មានកត្តាសំខាន់ៗចំនួនបីនៅក្នុងវិធីដែលប្រទេសសិង្ហបុរីទប់ទល់នឹងការឈានចូលទៅក្នុងរលកនៃការឆ្លងរាលដាលនេះបើធៀបទៅនឹងឆ្នាំមុន។
ទីមួយ ប្រជាជនមិនត្រឹមតែទទួលបានការចាក់វ៉ាក់សាំងការពារបានល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទទួលការចាក់វ៉ាក់សាំងដូសជំរុញបានល្អផងដែរ ហើយស្ទើរតែ ៨០ភាគរយនៃចំនួនប្រជាជនទាំងអស់បានទទួលការចាក់វ៉ាក់សាំងដូសទីបី។
ទីពីរ គឺបណ្តាមន្ទីរពេទ្យ និងបរិក្ខារសហគមន៍បានត្រៀមខ្លួនយ៉ាងល្អក្នុងការដោះស្រាយការកើនឡើងណាមួយ ដោយគ្រឿងបរិក្ខារសហគមន៍បានបង្កើនឡើងដើម្បីសម្រាលសម្ពាធទៅលើមន្ទីរពេទ្យនានា។
ទីបី គឺមនុស្សភាគច្រើនត្រូវបានបញ្ជ្រាបដោយចំណេះដឹងអំពីរបៀបដោះស្រាយការឆ្លង ប្រសិនបើពួកគេ ឬសមាជិកគ្រួសាររបស់ពួកគេឆ្លងជំងឺនេះ រួមទាំងការធ្វើរោគវិនិច្ឆ័យដោយខ្លួនឯងជាមួយនឹងឧបករណ៍តេស្តអង់ទីហ្សែនរហ័ស (ART) ការនៅដាច់ដោយឡែកដោយខ្លួនឯងនៅតាមផ្ទះ ដោយមិនបាច់ប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យដើម្បីព្យាបាលនោះទេ ហើយពួកគេអាចទៅមន្ទីរពេទ្យបាននៅពេលណាពួកគេឃើញលទ្ធផលវិជ្ជមាន ART ។
ទន្ទឹមនឹងនេះដែរ ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បាននិយាយកាលពីថ្ងៃទី១០ ខែកក្កដាថា ប្រទេសសិង្ហបុរីគួរតែអាចដោះស្រាយបានជុំវិញរលកនៃការឆ្លងរាលដាលបច្ចុប្បន្ន ដោយមិនមានវិធានការរឹតបន្តឹង។
លោកសាស្ត្រាចារ្យ Dale Fisher ទីប្រឹក្សាជំងឺឆ្លងជាន់ខ្ពស់នៅមន្ទីរពេទ្យសាកលវិទ្យាល័យជាតិបាននិយាយថា ការកើនឡើងបែបនេះក្នុងករណីដែលគ្មានវិធានការរឹតបន្តឹង គឺជានិយមន័យនៃភាពធន់៕
ប្រភព៖ ក្រសួងព័ត៌មាន