បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានអោយដឹងថាប្រទេសនូវែលសេឡង់បានប្រកាសកាលពីថ្ងៃចន្ទថា ទាហានរបស់ខ្លួនមួយចំនួនតូចនឹងធ្វើការហោះហើរទៅកាន់ចក្រភពអង់គ្លេសដើម្បីបណ្តុះបណ្តាលក្រុមទាហានកាំភ្លើងធំរបស់អ៊ុយក្រែន។
ក្នុងនោះដែរ នាយករដ្ឋមន្ដ្រី Jacinda Ardern បានពន្យល់ថា កងទ័ពនូវែលហ្សេឡង់ចំនួន ៣០នាក់នឹងស្នាក់នៅក្នុងប្រទេសអង់គ្លេសរហូតដល់ចុងខែកក្កដាសម្រាប់បេសកកម្មហ្វឹកហ្វឺនការប្រើប្រាស់កាំភ្លើងធំ។ គួរបញ្ជាក់ថាទីក្រុង Wellington បានចំណាយប្រាក់ប្រហែល ១៥.៧ លានដុល្លារនូវែលហ្សេឡង់ (ប្រហែល ១០ លានដុល្លារ) រួចហើយលើការផ្តល់ជំនួយដល់ទីក្រុងគៀវ ដែលរួមទាំងការបរិច្ចាកសម្ភារៈយោធា និងជំនួយចារកម្ម។
លោក Air Marshal Kevin Short ប្រធានកងកម្លាំងការពារប្រទេសនូវែលសេឡង់បាននិយាយថាទាហានអ៊ុយក្រែនសរុបចំនួន ២៣០នាក់ គ្រោងនឹងចូលរៀនវគ្គហ្វឹកហ្វឺននេះ ដោយវគ្គនីមួយៗរំពឹងថានឹងមានរយៈពេលប្រហែលមួយសប្តាហ៍៕