បរទេស៖ ខណៈដែលប្រទេសអូស្ត្រាលីបានកត់ត្រានូវករណីឆ្លងជំងឺអុតស្វាជាលើកទីពីររបស់ខ្លួន អាជ្ញាធរក្នុងតំបន់ និងក្រុមអ្នកជំនាញកំពុងត្រៀមខ្លួនសម្រាប់អ្វីដែលជាការផ្ទុះឡើងមិនធម្មតានៃជំងឺនេះ ក្នុងពេលតែប៉ុន្មានសប្តាហ៍ថ្មីៗនេះមានការឆ្លងរីករាលដាលនៅពាសពេញពិភពលោក។
កាលពីចុងសប្តាហ៍មុន រដ្ឋ New South Wales របស់ប្រទេសអូស្ត្រាលី (NSW) បានកត់ត្រាករណីឆ្លងដំបូងនៃវីរុសនេះ ហើយករណីទីពីរត្រូវបានបញ្ជាក់បន្ទាប់មកទៀតនៅក្នុងទីក្រុង Victorian នៃរដ្ឋ Melbourne ។
កាលពីចុងសប្តាហ៍មុន អង្គការសុខភាពពិភពលោក (WHO) បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីអ្វីដែលជាការផ្ទុះឡើងនៃជំងឺអុតស្វាដ៏អាក្រក់បំផុតរបស់អឺរ៉ុបនៅក្នុងប្រវត្តិសាស្ត្រ។
ប្រធានកម្មវិធីសុវត្ថិភាពជីវសាស្ត្រនៅវិទ្យាស្ថាន Kirby នៃសាកលវិទ្យាល័យ New South Wales (UNSW) លោកស្រីសាស្ត្រាចារ្យ Raina MacIntyre ដែលបានដើរតួយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ប្រទេសនេះ បានចាប់ផ្ដើមដំណើរការដើម្បីជូនដំណឹងដល់សាធារណជន និងបានអំពាវនាវឱ្យរដ្ឋាភិបាលត្រៀមខ្លួនសម្រាប់ការឆ្លងរាតត្បាតដ៏មានសក្តានុពល។
នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ UNSW កាលពីថ្ងៃចន្ទ លោកស្រីបានរំលឹកឡើងវិញថា ករណីឆ្លងដំបូងមិនមែនជាមូលហេតុនៃការភ័យស្លន់ស្លោនោះទេ ប៉ុន្តែវាជាការដាស់តឿនសម្រាប់អ្នកដែលបានវិលត្រឡប់មកពីក្រៅប្រទេសឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់។
លោកស្រី បន្តទៀតថា «វាគឺជាមេរោគផ្លូវដង្ហើម ហើយក៏អាចឆ្លងទៅមនុស្សដោយមិនមានការប៉ះពាល់ ប្រហែលជាតាមរយៈខ្យល់អាកាស។ ទោះជាយ៉ាងណាក៏ដោយ ជាធម្មតាវាមិនឆ្លងរាលដាលយ៉ាងងាយស្រួលរវាងមនុស្សនិងមនុស្សនោះទេ ហើយជាធម្មតាវាអាចឆ្លងចំពោះករណីដែលមានទំនាក់ទំនងជិតស្និទ្ធប៉ុណ្ណោះ ហើយការសិក្សាបានរកឃើញថា ប្រមាណ ៣ភាគរយនៃអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធនឹងករណីជំងឺអុតស្វាដែលអាចនឹងឆ្លង»។
ជាច្រើនសប្តាហ៍បន្ទាប់ពីឆ្លងមេរោគនេះ អ្នកនោះអាចជួបប្រទះនូវរោគសញ្ញាមួយចំនួនដែលរួមមានគ្រុនក្តៅ ឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំ ហើយច្រើនថ្ងៃក្រោយមកមានលេចចេញកន្ទួលពងខ្ទុះ។
គួរបញ្ជាក់ថាមេរោគអុតស្វាត្រូវបានគេរកឃើញជាលើកដំបូងនៅលើមនុស្សនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) កាលពីក្នុងឆ្នាំ១៩៧០ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាវាឆ្លងរាលដាលនៅក្រៅទ្វីបអាហ្វ្រិក៕
ប្រភព៖ ក្រសួងព័ត៌មាន