បរទេស៖ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅប្រទេសរុស្ស៊ី លោក Alexander Ben Zvi បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន TASS ថា អ៊ីស្រាអែលបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដែលអាចធ្វើទៅបានរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី។
លោកបាននិយាយក្នុងការឆ្លើយតបទៅនឹងសំណួរមួយថា «ប្រាកដណាស់ ហើយទោះជាយ៉ាងណាក៏ដោយ លោក ពូទីន និងលោក ហ្សេលេនស្គី ត្រូវធ្វើការសម្រេចចិត្ត»។
យោងតាមរូបលោកបានឱ្យដឹងថា ប្រទេសអ៊ីស្រាអែលនឹងចាត់ទុកវាជា «កិត្តិយសដ៏អស្ចារ្យ» ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាដែលអាចកើតមានរវាងប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែន។ លោក Ben Zvi បានកត់សម្គាល់ថា «យើងនឹងរីករាយក្នុងការរៀបចំកិច្ចប្រជុំបែបនេះនៅក្នុងក្រុងយេរូសាឡឹម»។
លោកក៏បានចង្អុលបង្ហាញផងដែរថា គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែនក៏អាចជួបប្រជុំគ្នានៅទីក្រុងយេរូសាឡឹមដែរ។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលរូបនេះបាននិយាយថា «អ្វីដែលបានធ្វើនៅក្នុងប្រទេសតួកគីក៏អាចត្រូវបានធ្វើនៅក្នុងប្រទេសរបស់យើងដែរ»។
លោក Alexander Ben Zvi បាននិយាយបន្ថែមថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានរក្សាទំនាក់ទំនងជាទៀងទាត់ជាមួយគ្នា៕
ប្រភព៖ ក្រសួងព័ត៌មាន