បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថាមន្ត្រីចិនម្នាក់បានបញ្ជាក់កាលពីថ្ងៃចន្ទថា ទីក្រុងប៉េកាំងបានធ្វើការដឹកជញ្ជូនសម្ភារៈយោធាទៅកាន់ប្រទេសស៊ែប៊ី ក្រោមភាពជាដៃគូយូរអង្វែងជាមួយប្រជាជាតិបាល់កង់។ ប៉ុន្តែការបញ្ជូននេះត្រូវបានគេរាយការណ៍ថាបានធ្វើឱ្យមានការភ័យព្រួយនៅក្នុងបណ្តាលប្រទេសលោកខាងលិច ខណៈដែលប្រព័ន្ធផ្សព្វផ្សាយបានព្រមានអំពី “ការបង្កើនអាវុធ” ដោយ “រុស្ស៊ី” ចំពេលមានវិបត្តិអ៊ុយក្រែន។
យន្តហោះដឹកជញ្ជូន Y-20 របស់កងទ័ពអាកាសចិនចំនួនប្រាំមួយគ្រឿងបានចុះចតនៅទីក្រុងបែលក្រាដកាលពីថ្ងៃសៅរ៍ដើម្បីដឹកជញ្ជូនទំនិញរបស់ពួកគេ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា ការដឹកជញ្ជូននេះ គឺស្ថិតនៅក្រោមផែនការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកបានបន្ថែមថា វាគ្មានអ្វីពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្នទេ ហើយមិនមានគោលដៅលើប្រទេសដទៃនោះទេ៕