បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទូរទស្សន៍ Sky News កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងមូស្គូសង្ឃឹមថា ប្រតិបត្តិការយោធារុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនអាចនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ ដែលប្រហែលជា “នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ” ។ លោកបានបន្ថែមថា កងទ័ពរុស្ស៊ីនឹងបញ្ចប់វាដោយការឈានដល់គោលដៅយោធារបស់ពួកគេ ឬមួយទីក្រុងម៉ូស្គូ និងក្រុងគៀវនឹងឈានដល់កិច្ចព្រមព្រៀងមួយតាមរយៈការចរចា។
លោក Dmitry Peskov បាននិយាយថា ការរំពឹងទុកនៃកិច្ចព្រមព្រៀងសន្តិភាពនឹងពឹងផ្អែកភាគច្រើនលើ “ភាពជាប់លាប់” នៃជំហររបស់អ៊ុយក្រែន និងឆន្ទៈក្នុងការយល់ព្រមតាមលក្ខខណ្ឌរបស់រុស្ស៊ី។ លោកបាននិយាយជាពិសេសថា អ្នកដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិលនៅ Donbass គួរតែត្រូវបាននាំយកមកកាត់ទោស៕