បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបើកភ្លើងខៀវ លើការទូទាត់ឧស្ម័ន ជាប្រាក់ “រូប” សម្រាប់អ្នកទិញដែលជាប្រទេសបានដាក់ទណ្ឌកម្មលើរុស្ស៊ី ពាក់ព័ន្ធនឹងអ៊ុយក្រែន។
លោកពូទីនបានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃព្រហស្បតិ៍ដោយទាមទារឱ្យអ្នកទិញទាំងនេះបើកគណនីនៅក្នុងធនាគាររុស្ស៊ីដើម្បីជួយសម្រួលដល់ការទូទាត់។ វិធានការនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា តទៅ។
លោកប្រធានាធិបតីបាននិយាយថា “ប្រសិនបើប្រទេសដែលមិនមែនជាមិត្ត មិនបង់ប្រាក់ជាប្រាក់ “រូប” ចាប់ពីថ្ងៃទី១ ខែមេសា យើងនឹងចាត់ទុកថាបានធ្វើខុសនឹងកិច្ចសន្យាឧស្ម័ន ក្នុងករណីនេះកិច្ចសន្យាដែលមានស្រាប់នឹងត្រូវលុបចោល” ។
ប្រទេសដែលមិនមែនជាមិត្ត គឺលោកពូទីន សំដៅទៅលើសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី ជប៉ុន តៃវ៉ាន់ កូរ៉េខាងត្បូង ស្វីស ប្រទេសទាំង ២៧ នៃសហភាពអឺរ៉ុប និងប្រទេសតូចៗមួយចំនួន៕