បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍កាលពីថ្ងៃចន្ទថា គណៈកម្មការអឺរ៉ុបបានបញ្ជាក់ថា ខ្លួនរំពឹងថាសហភាពអឺរ៉ុបនឹងនៅតែពឹងផ្អែកលើការនាំចូលថាមពលពីប្រទេសរុស្ស៊ីយ៉ាងហោចណាស់ប្រាំឆ្នាំទៀត។
ជាការឆ្លើយតបទៅនឹងសំណួរដែលចោទសួរក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប្រ៊ុចសែល អំពីថាតើឧស្ម័នធម្មជាតិរាវ (LNG) របស់សហរដ្ឋអាមេរិកនឹងជួយអឺរ៉ុបក្នុងការកាត់បន្ថយការប្រើប្រាស់ឧស្ម័នរុស្ស៊ីនាពេលឆាប់ៗនេះ? អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុបសម្រាប់សកម្មភាពអាកាសធាតុ និងថាមពល លោក Tim McPhie បាននិយាយថា ប្លុកអឺរ៉ុបនឹង “ពឹងផ្អែកលើឥន្ធនៈកាបូន ពីប្រទេសរុស្ស៊ីរហូតដល់ឆ្នាំ២០២៧ ។
លោក Tim McPhie បានបន្ថែមថា EU បានប៉ាន់ប្រមាណថា ខ្លួនអាចកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើឧស្ម័នរុស្ស៊ីចំនួន ២/៣ នៅឆ្នាំនេះ ហើយផែនការលម្អិតអំពីរបៀបដែលខ្លួននឹងសម្រេចបាននេះនឹងត្រូវបានបង្ហាញនៅចុងខែឧសភា៕