បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថារដ្ឋមន្ត្រីថាមពលកាតាលោក Saad al-Kaabi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីថ្ងៃព្រហស្បតិ៍ថា ការជំនួសឧស្ម័នធម្មជាតិរបស់រុស្ស៊ីនៅលើទីផ្សារអ៊ឺរ៉ុបគឺ “មិនអាចធ្វើបាន” ។
មន្ត្រីរូបនេះ ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនរដ្ឋ QatarEnergy បានកត់សម្គាល់ថា “ពី ៣០ ទៅ ៤០% នៃបរិមាណឧស្ម័នសរុបដែលបានផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោកគឺមកពីប្រទេសរុស្ស៊ី” ។
សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងមូស្គូជុំវិញជម្លោះនៅអ៊ុយក្រែន ហើយបានប្រកាសថាខ្លួននឹងឆ្ពោះទៅរកការកាត់បន្ថយការប្រើប្រាស់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីជាបណ្តើរៗនៅឆ្នាំនេះ។ ជាង ៤០% នៃការនាំចូលឧស្ម័នរបស់សហភាពអឺរ៉ុបគឺមកពីប្រទេសរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ លោក Al-Kaabi បាននិយាយថា ប្រទេសកាតានឹងមិនដាក់ទណ្ឌកម្មលើវិស័យប្រេង និងឧស្ម័នរបស់រុស្ស៊ីឡើយ ដោយសង្កត់ធ្ងន់ថា “ថាមពលគួរតែស្ថិតនៅក្រៅនយោបាយ”៕