បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេសឥណ្ឌាបានប្រកាសថា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានមកដល់ទីក្រុង New Delhi កាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីបំពេញទស្សនកិច្ចការទូត ដែលនឹងត្រូវជួបជាមួយសមភាគីឥណ្ឌាលោក Subrahmanyam Jaishankar។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មន្ត្រីជាន់ខ្ពស់ចិនទៅឥណ្ឌាចាប់តាំងពីមានការប៉ះទង្គិចតាមព្រំដែននៅឡាដាកក្នុងឆ្នាំ ២០២០។
នេះបើយោងតាមការចេញផ្សាយរបស់ Reuters បានអោយដឹងថាលោក Wang Yi ធ្លាប់បានជួបពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval រួចមកហើយ។ ទាំងប្រទេសចិន និងឥណ្ឌាបានរក្សាការសម្ងាត់នៃដំណើរទស្សនកិច្ចនេះ រហូតដល់អ្នកការទូតក្រុងប៉េកាំងបានចុះទៅដល់ទីក្រុង New Delhi កាលពីល្ងាចថ្ងៃព្រហស្បតិ៍៕