ចិន​ថា​អា​មេ​រិ​ក​ជា “​អ្នក​កុហក និង​ជា​អ្នក​បង្ក​បញ្ហា​” ចំពោះ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា ក្រសួងការពារជាតិ​ចិន​បាន​ហៅ​សហរដ្ឋអាមេរិក​ថា​ជា “​អ្នក​កុហក និង​ជា​អ្នក​បង្ក​បញ្ហា​” ហើយ​បាន​និយាយ​ថា “​មនុស្ស​គ្រប់​គ្នា​ដឹង​” ថា​ប្រទេស​ណា​ជា “​អ្នក​ផ្តួចផ្តើម​ដ៏​ធំ​បំផុត​” នៃ​វិបត្តិ​អ៊ុយ​ក្រែ​ន​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​លោក Wu Qian បាន​ធ្វើ​អត្ថាធិប្បាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លើ​ការ​ចោទប្រកាន់​ពី​មន្ត្រី​អា​មេ​រិ​ក​ដែល​មិន​បញ្ចេញ​ឈ្មោះ​ដែល​ថា​ទីក្រុង​ប៉េ​កាំ​ង​បានដឹង​ជា​មុន​អំពី​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ហើយ​ថា​ចិន​ថែម​ទាំង​បាន​ស្នើ​ឱ្យ​ក្រុង​ម៉ូ​ស្គូ​ពន្យារពេល​រហូត​ដល់​ក្រោយ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២​។​

​លោក Wu Qian បាន​ថ្កោលទោស​ការ​អះអាង​នេះ រួម​ជាមួយនឹង​របាយការណ៍​អំពី​ប្រទេស​ចិន​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ផ្តល់​ជំនួយ​ផ្នែក​យោធា​ដល់​ប្រទេស​រុ​ស្ស៊ី​ដែល​ជា “​ព័ត៌មាន​មិន​ពិត​ទាំងស្រុង​” ដែល​បម្រើ​ដល់​គោលបំណង​នៃ “​ការ​បង្វែរ​ការ​ស្តីបន្ទោស លើ​ប្រទេស​ចិន​” ។​

​ការ​ចោទប្រកាន់​នេះ​បង្ហាញ​ពី “​មុខមាត់​ពិត​របស់​សហរដ្ឋអាមេរិក ជា​អ្នក​ភូត​កុហក និង​ជា​អ្នក​បង្កើត​បញ្ហា​” ដោយ​បន្ថែម​ថា ប្រទេស​ចិន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​ប៉ុនប៉ង​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ផ្សព្វផ្សាយ “​ព័ត៌មាន​មិន​ពិត និង​ព្យាបាទ​ដែល​ផ្តោត​លើ​ប្រទេស​ចិន​ចំពោះ​បញ្ហា​អ៊ុយ​ក្រែ​ន​”៕