អន្តរជាតិ៖ លោក Volodymyr zelenskyy ប្រធានាធិបតីអ៊ុយក្រែនបានជំរុញឱ្យប្រទេសជប៉ុនបង្កើនសម្ពាធលើប្រទេសរុស្ស៊ីជាមួយនឹងការហ៊ុមព័ទ្ធពាណិជ្ជកម្ម ដោយធ្វើការអំពាវនាវដោយផ្ទាល់ដែលមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ថ្លែងទៅកាន់សមាជិកសភាតាមខ្សែវីដេអូក្នុងកាយវិការដែលមិនធ្លាប់មានចំពោះមេដឹកនាំបរទេស លោក Zelenskyyបានថ្លែងអំណរគុណដល់ប្រទេសជប៉ុនសម្រាប់ការដឹកនាំក្នុងចំណោម ប្រជាជាតិអាស៊ីក្នុងការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការដាក់ទណ្ឌកម្ម។ លោក Zelenskyy ដែលពាក់អាវយោធាបាននិយាយថា ការដាក់ទណ្ឌកម្មលើពាណិជ្ជកម្មជាមួយរុស្ស៊ីគឺជាការចាំបាច់។ វាចាំបាច់ក្នុងការដកក្រុមហ៊ុនចេញពីទីផ្សាររុស្ស៊ីដើម្បីកុំឱ្យលុយទៅកងទ័ពរុស្ស៊ី។ ក្រោយមកលោក Fumio Kishida ជានាយករដ្ឋមន្ត្រីប្រទេសជប៉ុនបាននិយាយថា លោកគ្រោងនឹងបង្ហាញវិធានការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែន និងពង្រឹងការដាក់ទណ្ឌកម្មរបស់ទីក្រុងតូក្យូប្រឆាំងនឹងរុស្ស៊ីនៅក្នុងកិច្ចប្រជុំ G7 នៅទីក្រុងប្រ៊ុចសែល (Brussels)។
ការដាក់ទណ្ឌកម្មរបស់ប្រទេសជប៉ុនលើបុគ្គលចំនួន ៧៦ នាក់ ធនាគារចំនួន ៧ និងស្ថាប័នចំនួន ១២ ផ្សេងទៀត នៅក្នុងប្រទេសរុស្ស៊ីគ្របដណ្តប់លើមន្ត្រីការពារជាតិ និងក្រុមហ៊ុននាំចេញអាវុធរបស់រដ្ឋ រ៉ូសូបររ៉ូនិចផត (Rosoboronexport)។ លោក Zelenskyy បាននិយាយថា “អ្នកគឺជាមនុស្សដំបូងគេនៅអាស៊ី ដែលពិតជាបានចាប់ផ្តើមដាក់សម្ពាធលើប្រទេសរុស្ស៊ីដើម្បីស្តារសន្តិភាពឡើងវិញ ហើយខ្ញុំសូមជំរុញឱ្យអ្នកបន្តធ្វើបែបនេះទៀត”៕
ប្រភព៖ ក្រសួងព័ត៌មាន