បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីថាមពលរបស់ប្រទេសរុស្ស៊ី លោក Alexander Novak បាននិយាយកាលពីថ្ងៃចន្ទថា តម្លៃប្រេងនឹងកើនឡើងដល់ ៣០០ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើលោកខាងលិចបោះបង់ចោលប្រេងរុស្ស៊ី។ បន្ថែមពីលើនេះទេ តម្លៃប្រេងក៏អាចមានឪកាសក្នុងការកើនឡើងដល់ទៅ ៥០០ដុល្លារក្នុងមួយបារ៉ែលផងដែរ។
ការព្រមាននេះកើតឡើងនៅពេលដែលសហភាពអឺរ៉ុបគ្រោងនឹងពិភាក្សាអំពីការដាក់ទណ្ឌកម្មលើប្រេងឆៅរុស្ស៊ីដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មទីប្រាំរបស់ខ្លួនក្នុងគោលបំណងដាក់សម្ពាធបន្ថែមទៀតលើទីក្រុងម៉ូស្គូឱ្យបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន៕