បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថារដ្ឋាភិបាលអូស្ត្រាលី បានសម្រេចផ្តល់ជំនួយយោធា និងមនុស្សធម៌ បន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន។
ក្នុងនោះរដ្ឋាភិបាលអូស្ត្រាលីបានបញ្ជាក់ថា “«ក្រោយកិច្ចពិភាក្សាគ្នារវាងលោកនាយករដ្ឋមន្ត្រី ស្កុត ម៉ូរីសុន (Scott Morrison) និងរដ្ឋមន្ត្រីការពារជាតិ លោក ភីតឺ ឌូតតុន (Peter Dutton) ជាមួយសមភាគីអ៊ុយក្រែន វាច្បាស់ណាស់ថា អ៊ុយក្រែននៅតែបន្តត្រូវការ ជំនួយយោធាជាចាំបាច់និងបន្ទាន់”។
រួចបានបន្ថែមទៀតថា “ដូច្នេះហើយ ក្រសួងការពារជាតិអូស្ត្រាលី បានបង្កើតកញ្ចប់ជំនួយទំហំ ១៥.៥លានដុល្លារអាមេរិកបន្ថែម ដើម្បីជួយដល់យោធាអ៊ុយក្រែន ដែលនាំឱ្យជំនួយយោធាសរុបរបស់អូស្ត្រាលី គិតមកទល់ពេលនេះ កើនដល់៩១លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងកង់បេរ៉ាក៏នឹងផ្តល់ជំនួយមនុស្សធម៌បន្ថែមទំហំ ២២.២លានដុល្លារអាមេរិក ដល់ទីក្រុងកៀវផងដែរ ដើម្បីផ្តោតទៅលើការការពារស្ត្រី កុមារ ជនចាស់ជរា និងជនពិការ។ ប្រការនេះនាំឱ្យទំហំជំនួយមនុស្សធម៌របស់អូស្ត្រាលី កើនដល់៤៨.២លានដុល្លារអាមេរិក”៕