កំពង់ឆ្នាំង ៖ នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក សោម វិរៈ ចៅក្រមស៊ីបសួរសាលាដំបូងខេត្ត ។
ជនសង្ស័យមានឈ្មោះ ជា វ៉ាន់ថៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាប់ចោទពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ដែលប្រព្រឹត្តកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នៅភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ