បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា ប្រទេសអូស្ត្រាលី និងហូឡង់បានស្នើឱ្យអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) បង្ខំរុស្ស៊ីឱ្យបង់ប្រាក់សំណងសម្រាប់ការធ្លាក់យន្តហោះម៉ាឡេស៊ី MH17 កាលពីឆ្នាំ ២០១៤កន្លងទៅ នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ថា ICAO គឺជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដែលមានភារកិច្ចរៀបចំចរាចរណ៍ផ្លូវអាកាសប្រកបដោយសុវត្ថិភាពនៅជុំវិញពិភពលោក។
ទីក្រុង Canberra និង Amsterdam ចង់ឱ្យមានការដាក់ទណ្ឌកម្មរុស្ស៊ីចំពោះឧប្បត្តិហេតុដ៏សាហាវកាលពីខែកក្កដាឆ្នាំ ២០១៤ ដែលក្នុងនោះយន្តហោះដែលហោះហើរលើទឹកដីអ៊ុយក្រែនត្រូវបានបាញ់ទម្លាក់ដោយបានសម្លាប់មនុស្សជិត ៣០០នាក់។ ប្រទេសទាំងពីរចង់អោយរុស្ស៊ីទទួលខុសត្រូវចំពោះសោកនាដកម្មនេះ ហើយចង់ឱ្យស្ថាប័ន UN បញ្ជាក់ជំហររបស់ខ្លួន៕