បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា អាជ្ញាធរអ៊ីតាលីបានរឹបអូសទូកក្តោងមួយរបស់មហាសេដ្ឋីរុស្ស៊ីលោក Andrey Melnichenko ម្ចាស់ក្រុមហ៊ុនផលិតជី EuroChem Group និងក្រុមហ៊ុនធ្យូងថ្ម SUEK។
ការរឹបអូសនេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីមហាសេដ្ឋីរូបនេះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីទណ្ឌកម្មរបស់សហភាពអឺរ៉ុប រួមជាមួយនឹងពាណិជ្ជករ ១៣ នាក់ផ្សេងទៀតមកពីប្រទេសរុស្ស៊ី។
យោងតាមរដ្ឋាភិបាលអ៊ីតាលី បានអោយដឹងថាទូកក្ដោងដ៏ធំបំផុតរបស់ពិភពលោកត្រូវបានរឹបអូសនៅកំពង់ផែភាគខាងជើងនៃទីក្រុង Trieste កាលពីថ្ងៃទី១១ ខែមីនា។
វាប្រវែង ១៤៣ម៉ែត្រ (៤៧០ហ្វីត) ដែលរចនាដោយ Philippe Starck និងសាងសង់ដោយ Nobiskrug ក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានគេរាយការណ៍ថាមានតម្លៃ ៥៣០ លានអឺរ៉ូ (៥៧៨ លានដុល្លារ)៕