បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា លោក Scott Sheffield នាយកប្រតិបត្តិ នៃក្រុមផលិតប្រេងរបស់ Pioneer Natural Resources បានព្រមានថា តម្លៃប្រេងឆៅសកលអាចឡើងដល់ ២០០ ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើប្រេង និងឧស្ម័នរបស់រុស្ស៊ីត្រូវបានហាមឃាត់។
ក្នុងនោះលោក Scott Sheffield បាននិយាយប្រាប់ កាសែត Financial Times ថា “មធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់លោក Putin គឺការហាមឃាត់ការនាំចេញប្រេង និងឧស្ម័ន។ ប៉ុន្តែប្រសិនបើលោកខាងលិចប្រកាសថា យើងនឹងហាមឃាត់ប្រេង និងឧស្ម័នរបស់រុស្ស៊ី នោះប្រេងនឹងឡើងដល់ ២០០ ដុល្លារក្នុងមួយបារ៉ែល។
លោកបន្ថែមទៀតថា សហរដ្ឋអាមេរិកនឹងមិនអាចជំនួសការផ្គត់ផ្គង់ប្រេងឆៅពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០២២បាននោះទេ។ ដោយសង្កត់ធ្ងន់ថាវានឹងត្រូវចំណាយពេលច្រើនខែសម្រាប់ជម្រុញក្នុងការផលិតប្រេងឆៅ ដើម្បីបំពេញតម្រូវការវិញ៕