ឥណ្ឌូ​នេ​ស៊ី​ចំណាយ​លុយ​ជិត ៤៦​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ នៅ​ឆ្នាំ​២០២១

0

បរទេស​៖ យោង​តាម​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូ​ណេ​ស៊ី លោកស្រី Sri Mulyani Indrawati បាន​និយាយ​ថា រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​បាន​ចំណាយ​ថវិកា​ប្រហែល ៤៥,៩​ប៊ី​លាន​ដុល្លារ​អាម៉េរិក ឬ​ស្មើនឹង ២៣,៦​ភាគរយ​នៃ​ការ​ចំណាយ​ថវិកា​សរុប​នៅ​ក្នុង​ឆ្នាំ​២០២១ សម្រាប់​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​។

លោកស្រី​បាន​និយាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ជា​ប្រធាន​ក្រុម​ប្រទេស G20 កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ​ថា ការ​ដោះស្រាយ​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ ដែល​ទឹកប្រាក់​ដ៏​ច្រើន​ត្រូវ​បាន​ចំណាយ​នោះ ទីបំផុត​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​កាលពី​ក្នុង​ឆ្នាំ​២០២១​។

លោកស្រី​រដ្ឋមន្ត្រី​រូប​នេះ​បាន​និយាយ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​កើនឡើង ៣,៦៥​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០២១​។ ការ​ស្ទុះ​ងើបឡើង​វិញ បាន​និង​កំពុង​កើតឡើង​នៅ​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​សេដ្ឋកិច្ច​ទាំង​ផ្នែក​ផលិតកម្ម ការ​ផ្គត់ផ្គង់ និង​តម្រូវការ ក៏​ដូច​ជា​ការ​នាំ​ចេញ​ដែល​ត្រូវ​បាន​ជំរុញ​យ៉ាង​ខ្លាំង​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​របស់​ពិភពលោក​។

កំណើន​ខ្លាំង​ក៏​បាន​កើតឡើង​ផង​ដែរ​នៅ​ក្នុង​វិស័យ​សំខាន់​ៗ​មួយ​ចំនួន ដូច​ជា​វិស័យ​ផលិតកម្ម ពាណិជ្ជកម្ម និង​ការ​រុករក​រ៉ែ ដោយសារ​ការ​កើនឡើង​នៃ​តម្លៃ​ទំនិញ​។ ទិន្នផល​សេដ្ឋកិច្ច​របស់​ឥណ្ឌូ​ណេ​ស៊ី​ក៏​បាន​លើស​ពី​កម្រិត​មុន​មាន​ជំងឺ​រាតត្បាត​ផង​ដែរ​។

លោកស្រី​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា ការ​វិវឌ្ឍន៍​ជា​វិជ្ជមាន​ទាំងនេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ក្លាយជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ដែល​មានការ​ស្តារ​ឡើង​វិញ​យ៉ាង​ឆាប់រហ័ស និង​ខ្ពស់​ជាង​កាលពី​វិបត្តិ​ហិរញ្ញវត្ថុ​ក្រោយ​ឆ្នាំ​១៩៩៧-១៩៩៨ ទៀត​ផង​។ លោកស្រី​បាន​និយាយ​ថា ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​រដ្ឋាភិបាល​នឹង​បន្ត​អនុវត្ត​គោលនយោបាយ​ប្រកបដោយ​ប្រសិទ្ធភាព ដោយសារ​ដំណើរការ​ស្តារ​ឡើង​វិញ​នៅ​តែ​ដំណើរការ ហើយនឹង​បន្ត​ត្រូវការ​ជំនួយ​ផ្នែក​សារពើពន្ធ​៕

ប្រភព៖ ក្រសួងព័ត៌មាន