ហ្វី​លី​ពី​ន សង្ឃឹមថានឹង​មាន​ភ្ញៀវ​ទេសចរណ៍​ច្រើន​វិញ ក្រោយ​រឹត​បន្តឹង​អស់​រយៈ ២​ឆ្នាំ

0

បរទេស​៖ ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​ហ្វី​លី​ពី​ន​បាន​អនុញ្ញាត​ឱ្យ​អ្នក​ធ្វើ​ដំណើរ ដែល​ចាក់​វ៉ាក់សាំង​ពេញលេញ ពី​ប្រទេស និង​តំបន់​ចំនួន ១៥៧ ដោយ​គ្មាន​ទិដ្ឋាការ បន្ទាប់​ពី​បម្រាម​ការ​ធ្វើ​ដំណើរ​ជិត​ពីរ​ឆ្នាំ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ មេរោគ កូ​វី​ដ​-១៩​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Xinhua​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ រដ្ឋាភិបាល ហ្វី​លី​ពី​ន​តម្រូវ​ឱ្យ​អ្នកទេសចរ​បរទេស​ដែល​ចូល​មក​ធ្វើ​បទ​បង្ហាញ​ភស្តុ​តាង​នៃ​ការ​ចាក់​វ៉ាក់សាំង​ពេញលេញ ការ​ធ្វើតេស្ត RT-PCR អវិជ្ជមាន​យ៉ាង​ហោច​ណាស់ ៤៨ ម៉ោង​មុន​។ ជំងឺ​រាតត្បាត​បាន​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន ដោយ​បង្ខំ​ឱ្យ​សណ្ឋាគារ និង​ក្រុមហ៊ុន អាកាសចរណ៍​បញ្ឈប់​បុគ្គលិក​។ លោកស្រី Bernadette Romulo Puyat រដ្ឋមន្ត្រី​ទេសចរណ៍​ហ្វី​លី​ពី​ន​បាន​និយាយ​ថា ជំងឺ​រាតត្បាត​បាន​ប៉ះពាល់​ដល់​កម្មករ​ជិត ១,១ លាន​នាក់​នៅ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស​។ លោកស្រី Puyat បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរទស្សន៍​ថា “​យើង​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ស្វាគមន៍ ភ្ញៀវ​ទេសចរ​បរទេស​ម្តងទៀត​” ដោយ​បន្ថែម​ថា នាយកដ្ឋាន​ទេសចរណ៍​បាន​និង​កំពុង​រៀបចំ​សម្រាប់​ការ​ត្រឡប់​មក​វិញ នៃ​ភ្ញៀវ ទេសចរ បរទេស​។

លោកស្រី​បាន​និយាយ​ថា ភ្ញៀវ​ទេសចរ​ជាង ២០០ នាក់​ភាគច្រើន​មក​ពី​សហរដ្ឋអាមេរិក ឥណ្ឌូ​នេ​ស៊ី ជប៉ុន និង​ម៉ា​ឡេ​ស៊ី ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចុះ​ចត​នៅ​ថ្ងៃ​ដំបូង​នៅ​ប្រទេស​ហ្វី​លី​ពី​ន ដែល​បើក​ព្រំដែន​របស់​ខ្លួន​ឡើង​វិញ សម្រាប់​ភ្ញៀវ​បរទេស​។ “​ជាមួយនឹង​ទេសចរ​ក្នុងស្រុក និង​ការ​បើក​ប្រទេស​ហ្វី​លី​ពី​ន​ឡើង​វិញ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស យើង​សង្ឃឹមថា កម្មករ​កាន់តែ​ច្រើន​នឹង​ទទួល​បានការ​ងារ​របស់​ពួក​គេ​វិញ​” ដោយ​កត់​សម្គាល់ថា នាយកដ្ឋាន​របស់​លោកស្រី នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា​បុគ្គលិក​ផ្នែក​បដិសណ្ឋារកិច្ច​នឹង​ទទួល​បាន​វ៉ាក់សាំង​។ ទោះបីជា​មិន​មាននៅ​ក្នុង​បញ្ជី​គ្មាន​ទិដ្ឋាការ​ក៏​ដោយ ប៉ុន្តែ​ប្រទេស​ចិន​គឺជា​ប្រភព​កំពូល​នៃ​អ្នកទេសចរ​អន្តរជាតិ​ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន​៕

ប្រភព៖ ក្រសួងព័ត៌មាន