បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន France24 បានអោយដឹងថាអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយកាលពីថ្ងៃអង្គារថា លោកបានឆ្លងវីរុសកូវីដបំប្លែងខ្លួនអូមីក្រុង ប៉ុន្តែពេលនេះបានជាសះស្បើយហើយ ។
លោកបាននិយាយថា “ថ្មីៗនេះខ្ញុំបានឆ្លងកូវីដម្តងទៀត ។ វាជាវីរុសបំប្លែងខ្លួនអូមីក្រុង ។ ខ្ញុំបានឆ្លងវា ទោះបីជាខ្ញុំបានទទួលការវ៉ាក់សាំងចំនួន ៤ ដូសក៏ដោយ ។ ២ ដូស ដំបូង គឺវ៉ាក់សាំង Sinopharm និង ២ ដូសចុងក្រោយគឺវ៉ាក់សាំង Pfizer” ។
លោក ថាក់ស៊ីន បញ្ជាក់ថា នៅពេលដែលគាត់បានឆ្លងអូមីក្រុង គាត់មានរោគសញ្ញាដូចជំងឺផ្តាសាយទូទៅ រួមទាំងឈឺបំពង់ក និងក្តៅខ្លួន ដែលអាចព្យាបាលបានដោយថ្នាំ ដោយមិនចាំបាច់ទៅមន្ទីរពេទ្យឡើយ ។
លោក ថាក់ស៊ីន បាននិយាយទៀតថា គាត់បានទទួលការព្យាបាលរយៈពេល ៥ ថ្ងៃដើម្បីជាសះស្បើយពីរោគសញ្ញាស្រាល ប៉ុន្តែប្រើពេលរហូតដល់ ១០ ថ្ងៃទើបជាដាច់ បន្ទាប់ពីឆ្លងអូមីក្រុង ។
ទន្ទឹមនោះលោក ថាក់ស៊ីន ក៏បានលើកទឹកចិត្តប្រជាជនថៃការពារខ្លួនឲ្យបានពេញលេញ ប៉ុន្តែបាននិយាយថា ពួកគេមិនគួរខ្លាច អូមីក្រុង ខ្លាំងពេកនោះទេ ៕