ខ្សែបម្រើលេងចង្កេះ Bruno Fernandes បានឆ្លើយតបទៅអ្នកកាសែតដែលបានចុះផ្សាយថា រូបគេនឹងចាកចេញពីក្លិប Manchester United និងផ្ទេរទៅ Barcelona ដោយប្រើពាក្យសម្ដីបែបឌឺដង។
នៅរដូវកាលថ្មីនេះផងដែរ កីឡាករសញ្ជាតិព័រទុយកាល់រូបនេះ ហាក់ខ្សត់គ្រាប់បាល់ជាងរដូវកាលមុន ដោយរកបានតែ ៥គ្រាប់ប៉ុណ្ណោះ ហើយគេតែងតែបានឃើញ Fernandes បង្ហាញកាយវិការខកចិត្តលើទីលានពេលក្រុមលេងមិនបានល្អ។
ដោយឡែក ថ្មីៗនេះមានសារព័ត៌មានចុះផ្សាយថា គេកំពុងសម្លឹងចង់ចាកចេញពីក្លិប ដោយសារមិនសប្បាយចិត្តនឹងការដឹកនាំរបស់លោក Ralf Rangnick ដោយក្នុងនោះទំព័ររបស់សារព័ត៌មាន SPORT TV Portugal បានចុះផ្សាយពីរឿងនេះ។
ស្រាប់តែ Bruno Fernandes បានយកគណនី Instagram ផ្លូវការរបស់គេទៅបញ្ចេញមតិក្រោមការបង្ហោះនោះថា៖ «ខ្ញុំគិតថាចូលឆ្នាំដូចជាទើបតែចាប់ផ្ដើមទេមែនទេ? ហើយឥលូវអ្នកគិតថាថ្ងៃនេះជាថ្ងៃទី១ ខែមេសា (April Fool’s Day) ឬក៏នេះគ្រាន់តែជាសារព័ត៌មានដ៏អាក្រក់មួយ?»៕