នៅការប្រកួតដែល Real Madrid បានយកឈ្នះ ៤-១ ទៅលើ Valencia សម្រាប់ខ្សែប្រយុទ្ធវ័យក្មេង Vinicius Jr ក្រៅពីត្រូវបានអ្នកគាំទ្រស្ងើចសរសើរ ជុំវិញការរកបាន ២ គ្រាប់ទៀតសោត អាកប្បកិរិយារបស់គេកំឡុងការប្រកួត ក៏កំពុងផ្ទុះការចាប់អារម្មណ៍ផងដែរ។
នោះគឺនៅកំឡុងនាទី ៨០ ពេលកីឡាករវ័យក្មេង សញ្ជាតិប្រេស៊ីលរូបនេះ រត់សំដៅទៅយកបាល់ ដែលរំកិលចេញក្រៅទីលាន ក៏ជ្រុលល្បឿនទៅមុខ ដល់តំបន់ដែលគេដាក់បង្ហាញ Logo នៃក្លឹប Real Madrid លើវាលស្មៅ។ ភ្លាមនោះ Vinicius ពុំបានរត់ទៅជាន់ពីលើទេ ផ្ទុយទៅវិញបានព្យាយាមលោតឲ្យផុត ហើយប្រញាប់ងាកមកក្រោយភ្លាមៗ ដើម្បីធានាថាជើងរបស់ខ្លួន ពុំបានជាន់លើនិមិត្តសញ្ញានៃក្លឹបអធិរាជស។
ក្រោយឃើញសកម្មភាពនេះ អ្នកគាំទ្រជាច្រើនបានកោតសរសើរ ដល់យុវជនវ័យ ២១ ឆ្នាំដែលល្អទាំងគុណភាព ចាស់ទុំទាំងគំនិត សក្ដិសមជាកីឡាករគំរូ ដែលទាំងសិស្សច្បង ឬសិស្សប្អូនគួរតែយកគំរូតាម។
យ៉ាងណាមិញ កន្លងទៅក៏មានរឿងរ៉ាវស្រដៀងគ្នានេះដែរ កើតចេញពី Dani Alves ខ្សែការពារស្លាបវ័យ ៣៨ ឆ្នាំនៅក្លឹប Barcelona ដែលផ្ទុះការស្ងើចសរសើរដូចគ្នា៕