ស្លាប់​មនុស្ស​ជាង ៥០​នាក់ ក្នុង​ហេតុការណ៍​ផ្ទុះ​អណ្ដូងរ៉ែ​នៅ​រុ​ស្ស៊ី

0

ប្រព័ន្ធ​ផ្សព្វផ្សាយ​រុ​ស្ស៊ី​បាន​រាយការណ៍​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ឧបទ្ទវហេតុ​នៅ​ក្នុង​អណ្តូងរ៉ែ​ធ្យូងថ្ម​ស៊ី​បេ​រី បាន​កើនឡើង​ដល់​យ៉ាង​ហោច​ណាស់ ៥២ នាក់ ខណៈ​អាជ្ញាធរ​ដាក់​ការ​សង្ស័យ​ថា វា​ទំនងជា​កើតឡើង​ពី​ការ​ផ្ទុះ​ឧស្ម័ន ។

អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​ថា ឧបទ្ទវ​ហេតុនេះ​បាន​កើតឡើង​នៅ​ក្នុង​តំបន់ Kemerovo កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​មាន​កម្មករ ២៨៥ នាក់​នៅ​ក្នុង​អណ្តូងរ៉ែ​នៅ​ពេល​នោះ ខណៈ​ជាង ២០០ នាក់​បាន​រត់គេច​ចេញ​មក ។

ចំណែក​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​និយាយ​ថា បុគ្គលិក​ជួយ​សង្គ្រោះ ៦ នាក់ ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ ខណៈ​មនុស្ស​ប្រហែល ៤០ នាក់​បាន​ជាប់​នៅ​ក្នុង​អណ្តូងរ៉ែ ប៉ុន្តែ​ទីភ្នាក់ងារសារព័ត៌មាន​ក្នុងស្រុក​បាន​និយាយ​ថា គ្មាន​ឱកាស​ក្នុង​ការ​ស្វែងរក​អ្នក​នៅ​រស់រាន​មានជីវិត​នោះ​ទេ ។

គួរ​បញ្ជាក់​ថា តំបន់ Kemerovo ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៣,៥០០ គីឡូម៉ែត្រ​ភាគ​ខាងកើត​ទីក្រុង​ម៉ូ​ស្គូ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់​ផលិត​ធ្យូងថ្ម ហើយ​ទីតាំង​មួយ​នេះ​ក៏​ធ្លាប់​កើត​មាន​ឧបទ្ទវហេតុ​បែប​នេះ នា​ពេល​កន្លង​មក​ផង​ដែរ​៕