បរទេស៖ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Microsoft បានបង្ខំឲ្យមហាសេដ្ឋីលោក Bill Gates លាលែងតំណែងឲ្យបានមុនការស៊ើបអង្កេត ពីទំនាក់ទំនងស្នេហា រវាងមហាសេដ្ឋីរូបនេះ និងបុគ្គលិកស្រីត្រូវបានបញ្ចប់។
យោងតាមសារព័ត៌មាន The Wall Street Journal ចេញផ្សាយនៅថ្ងៃទី១៧ ឧសភានេះ បានឲ្យដឹងថា កាលពីឆ្នាំ ២០១៩ សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Microsoft មួយចំនួនបានជំរុញឱ្យលោក Bill Gates ពីតំណែងជាសមាជិកក្រុមប្រឹក្សាភិបាល បន្ទាប់ពីមានពាក្យបណ្ដឹងសម្ងាត់មួយ របស់បុគ្គលិកស្រីម្នាក់ដែលជាវិស្វករ នៅក្នុងក្រុមហ៊ុន Microsoft បានសរសេរលិខិត និងប្ដឹងលោក Bill Gates ថា លោក និងនាងបានមានសម្ព័ន្ធភាព ស្នេហាផ្លូវភេទជាច្រើនដងហើយ នាងបានស្នើសុំឱ្យលោក Bill Gates លែងលះភរិយាដើម្បីរៀបការនឹងនាងវិញ។
ក្រោយពីទទួលបានលិខិតនេះ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Microsoft បានជួលមេធាវី និងក្រុមស៊ើបការសម្ងាត់ដើម្បីធ្វើការស៊ើប អង្កេតពាក់ព័ន្ធនឹងករណីនេះ ហើយនៅខែមីនា ឆ្នាំ២០២០ លោក Bill Gates ក៏បានសម្រេចចិត្តលាឈប់ពីតំណែងសមាជិក ក្រុមហ៊ុនប្រឹក្សាភិបាល ខណៈដែលការស៊ើបអង្កេតនៅមិនទាន់បញ្ចប់។
អ្នកនាំពាក្យរបស់ Microsoft បានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០១៩នោះ ពោលគឺនៅពេលកើតមាន ករណីរឿងសម្ព័ន្ធរបស់ របស់ លោក Bill Gates និងបុគ្គលិកស្រីផ្ទុះឡើង គឺលោក Bill Gates បដិសេធតាមការស្នើសុំ ការជំរុញពីសំណាក់ សមាជិក ក្រុមប្រឹក្សា ភិបាល ប៉ុន្តែក្រោយមក លោកក៏បានសម្រេចចិត្តលាឈប់តែម្ដង ដោយលោកបានសម្រេចចិត្តងាកមក ចំណាយពេលវេលារបស់ លោក ជាមួយនឹងសកម្មភាពមនុស្សធម៌វិញ។
គួរបញ្ជាក់ថា កាលពីថ្មីនេះ លោក Bill Gates និងលោកស្រី Melinda Gates បានសម្រេចចិត្តចែកផ្លូវគ្នា ក្រោមហេតុផល ទុកពេលវេលាសម្រាប់ផ្ទាល់ខ្លួន និងសម្រាប់គ្រួសារ៕ ប្រភព៖ Fresh News