ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស ឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃសុក្រទី ៣០ ខែមេសាថា ការរអិលបាក់ដី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់នៅឯរោងចក្រថាមពលមួយកន្លែង ស្ថិតនៅលើកោះស៊ូម៉ាត្រា។
ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់ភាគខាងជើង កោះស៊ូម៉ាត្រាកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលបង្កឱ្យមាន ទឹកជំនន់ដ៏សាហាវ។ អ្នកនាំពាក្យលោក Raditya Jati បានប្រាប់ AFP ថា៖ «មានមនុស្ស ៣នាក់បានស្លាប់។ លោកបានបន្ថែមថា“ ក្រុមជួយសង្គ្រោះនៅតែកំពុងស្វែងរកជនរងគ្រោះផ្សេងទៀត” ដោយមិនបានបញ្ជាក់ពីតួលេខ។
មន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ បាននិយាយថាយ៉ាងហោចណាស់មនុស្ស ៩នាក់បានបាត់ខ្លួន និងភ័យខ្លាចកប់នៅក្រោមភក់ និងកម្ទេចកម្ទី ដែលបូករួមទាំងបុគ្គលិក ជនជាតិចិនរបស់រោងចក្រ Batang Toru ។ រំលឹកឡើងវិញដែរថា ការបាក់ដី និងគ្រោះទឹកជំនន់ តែងតែកើតឡើងជាប្រចាំនៅទូទាំងប្រជុំកោះឥណ្ឌូណេស៊ី ក្នុងរដូវវស្សា៕
ប្រភព៖ CNA